ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋាករស្វយ័តដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើការឡើងវិញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីដើមខែនេះមក ប្រជាពលរដ្ឋជាច្រើនបានចាប់អារម្មណ៍ប្រើប្រាស់សេវានេះ។
សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត មានការប្រើប្រាស់កើនឡើងពីមួយទៅមួយថ្ងៃ ដោយពលរដ្ឋយល់ឃើញថា ការប្រើប្រាស់សេវានេះ មានភាពងាយស្រួល និងការចំណាយថវិកាមានភាពសមរម្យ។
ពលរដ្ឋ ដែលប្រើប្រាស់សេវាកាណូតសាធារណៈ នៅថ្ងៃនេះ បានប្រាប់BTVថា មូលហេតុដែលពួកគេជិតកាណូត ព្រោះអាចស្រូបខ្យល់អាកាសបរិសុទ្ធ គយគន់ទេសចរភាពតាមដងទន្លេ កាត់បន្ថយភាព តានតឹងក្នុងអាម្មណ៍ ហើយមានសុវត្ថិភាពជាងការដំណើរតាមផ្លូវគោក។
ពួកគេបានអគុណចំពោះរាជរដ្ឋាភិបាល ដែលបានបើកដំណើរការឡើវិញនូវសេវាដឹកជញ្ជូន សាធារណៈការណូត និងរថយន្តក្រុងនេះ។
លោក សុខ បូរ៉ា អ្នកគ្រប់គ្រងកាណូត នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ បាន ឲ្យដឹងដែរថា គិតចាប់ពីថ្ងៃដំណើរការឡើងវិញនូវសេវាដឹកជញ្ជូនសាធារណៈទាំងពីរនេះ ពលរដ្ឋ បានធ្វើដំណើរតាមការណូត មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពោលក្នុងសប្តាហ៍ទី១ និងទី២ នៃខែវិច្ឆិកានេះ មានប្រមាណជាង១០០នាក់ ហើយក្នុងសប្តាហ៍ទី៣ កើនឡើងដល់ជាង២០០នាក់។
កន្លងទៅថ្មីៗនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ស្តីពីការ ដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីថ្ងៃទី២ ខែវិច្ឆិកាតទៅ។
លក្ខខណ្ឌនៃការជិះរថយន្តក្រុង និងកាណូត អ្នកដំណើរទាំងអស់ត្រូវគោរពតាមវិធានសុខាភិបាល ដោយត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ ពាក់ម៉ាស លាងដៃនឹងអាល់កុល វាស់កម្ដៅ ស្គែន QR Code និងអង្គុយតាមកៅអី ដែលបានរៀបចំ៕
អត្ថបទ៖ ទូច សោភ័ណ