ប្រភពចំនួន ៥ ដែលបានដឹងអំពីដំណើរការនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា អតីតប្រធានាធិបតីកុងហ្គោ លោក Joseph Kabila បានផ្តួចផ្តើមការពិភាក្សាជាមួយអ្នកនយោបាយប្រឆាំងអំពីអនាគតនយោបាយរបស់ប្រទេសនេះ នៅពេលដែលក្រុមឧទ្ទាមគាំទ្រដោយប្រទេសរ៉្វាន់ដា ដណ្តើមយកទឹកដី នៅភាគខាងកើត។
ការពិភាក្សាដែលមានការចូលរួមពីសមាជិកសង្គមស៊ីវិលផងដែរ គឺការគំរាមកំហែងបន្ថែមដ៏មានសក្តានុពល ដល់ប្រធានាធិបតីបច្ចុប្បន្នលោក Felix Tshisekedi ដែលបានប្រឈមនឹងការរិះគន់ជុំវិញការឆ្លើយតបរបស់លោក ចំពោះការរុលចូលទៅមុខដែលមិនធ្លាប់មានពីមុនមក ដោយក្រុមឧទ្ទាម M23។
លោក Tshisekedi និង លោក Kabila ធ្លាប់បានបង្កើតកិច្ចព្រមព្រៀងចែករំលែកអំណាចដ៏លំបាកមួយ បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៨ ដែលមានជម្លោះរបស់ប្រទេសកុងហ្គោ ប៉ុន្តែនៅទីបំផុតលោក Tshisekedi បានចាប់ផ្តើមច្រានចោលឥទ្ធិពលរបស់អ្នកកាន់តំណែងមុនរបស់ខ្លួន ខណៈពេលដែលចោទប្រកាន់លោកពីបទរារាំងកំណែទម្រង់។
ទំនាក់ទំនងរបស់លោកទាំងពីរ បានឈានដល់ចំណុចមួយ ខណៈដែលក្រុម M23 បានសម្រុកចូលទៅទីក្រុងធំទី ២ Bukavu របស់ប្រទេសកុងហ្គោ កាលពីខែមុន លោក Tshisekedi បានប្រាប់សន្និសីទសន្តិសុខទីក្រុង Munich ថា លោក Kabila បានឧបត្ថម្ភដល់ការបះបោរនេះ។
លោក Kabila មិនបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីវិបត្តិ ឬឆ្លើយតបទៅនឹងការចោទប្រកាន់នោះទេ រហូតដល់លោក បានបោះពុម្ពផ្សាយនៅក្នុងកាសែតអាហ្រ្វិកខាងត្បូង នៅថ្ងៃទី ២៣ ខែកុម្ភៈ ដែលបានចោទប្រកាន់លោក Tshisekedi ពីបទរំលោភរដ្ឋធម្មនុញ្ញ រំលោភសិទ្ធិមនុស្ស និងនាំកុងហ្គោទៅស្ថាបភាពនៃសង្គ្រាមស៊ីវិល។