ការរំខានដ៏ធំ ជិតកើតមានហើយ ចំពោះអាកាសយានដ្ឋានរបស់ប្រទេសអាល្លឺម៉ង់ ពោលគឺនៅថ្ងៃទី១០ ខែមីនា បន្ទាប់ពីសហជីពសេវាកម្មមួយ បានប្រកាសពីការធ្វើកូដកម្ម ដើម្បីទាមទារប្រាក់ឈ្នួលប្រសើរជាងនេះ សម្រាប់បុគ្គលិកលើដី (អ្នកធ្វើការនៅអាកាសយានដា្ឋន)។
ការធ្វើកូដកម្មនេះ នឹងប៉ះពាល់ដល់អាកាសយានដ្ឋាន ក្នុងទីក្រុង Frankfurt និង Berlin ក៏ដូចជាមជ្ឈមណ្ឌលជាច្រើន នៅទីក្រុង Bremen, Cologne, Dortmund, Duesseldorf, Hamburg, Hanover, Leipzig, Munich និង Stuttgart។

នៅថ្ងៃសុក្រ (ទី៧ ខែមីនា) នេះ សហជីព ver.di បានប្រាប់ថា ខ្លួនកំពុងអំពាវនាវដល់កម្មករផ្នែកសាធារណៈ និងនិយោជិតប្រមាណជា ២៣.០០០នាក់នៃអ្នកផ្តល់សេវានានាលើដីឲ្យធ្វើកូដកម្មព្រមានពេញមួយថ្ងៃ នៅថ្ងៃទី១០ ខែមីនា។
សហជីព ver.di បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វានឹងមានការប៉ះពាល់យ៉ាងខ្លាំងដល់ការចេញដំណើរ និងការមកដល់ ក្នុងនោះរួមទាំងការលុបចោលជើងហោះហើរផងដែរ»។
អនុប្រធានសហជីព លោកស្រី Christine Behle បាននិយាយថា៖ «យើងសោកស្តាយ ដែលធ្វើឲ្យមានការរំខានដល់អ្នកដំណើរ ដោយសារកូដកម្មនេះ។ ប៉ុន្តែបើគ្មានសម្ពាធពីកូដកម្មទេនោះ នឹងមិនមានចំណាត់ការ ដើម្បីចរចាឡើយ»។
ការទាមទាររបស់សហជីព រួមមានការដំឡើងប្រាក់ឈ្នួល ៨ភាគរយ ឬយ៉ាងហោចណាស់ ៣៥០អឺរ៉ូ (៣៨០ដុល្លារ) បន្ថែមទៀត ក្នុងមួយខែ និងផ្ដល់ប្រាក់បន្ថែមខ្ពស់ជាងនេះ សម្រាប់ការងារដែលតានតឹងជាពិសេស៕

