ការស្ទង់មតិមួយដែលបានចេញផ្សាយនៅថ្ងៃសុក្រ (ទី៧ ខែមីនា) នេះ បានបង្ហាញពីការកើនឡើងនូវកម្រិតគាំទ្រលើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដោយឡើងចំនួន ១០ភាគរយ គិតចាប់តាំងពីពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅលោកថា ជា «ជនផ្តាច់ការ»។
ការស្ទង់មតិដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិ Kyiv (KIIS) បានរកឃើញថា ៦៧ភាគរយនៃប្រជាជនអ៊ុយក្រែនដែលត្រូវបានសាកសួរ បានប្រាប់ថា ពួកគេជឿជាក់លើលោក Zelensky ពោលគឺកើនឡើងពីកម្រិត ៥៧ភាគរយ កាលពីមួយខែមុន។
ការស្ទង់មតិចុងក្រោយបំផុតនេះ ត្រូវបានធ្វើឡើង នៅចន្លោះថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ដែលជារយៈពេលដ៏ច្របូកច្របល់ សម្រាប់លោក Zelensky ដែលសង្រ្គាមពាក្យសម្តីជាមួយលោក Trump បានឈានដល់ជម្លោះយ៉ាងក្ដៅគគុក នៅឯសេតវិមាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ក្រុមអ្នកស្រាវជ្រាវ បានប្រាប់ថា ការរកឃើញនេះ បង្ហាញថា ឥទ្ធិពលនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើភាពជាអ្នកដឹកនាំរបស់លោក បានជួយពង្រឹងការគាំទ្រ ចំពោះលោកប្រធានាធិបតី។
នាយកប្រតិបត្តិនៃវិទ្យាស្ថាន លោក Anton Grushetsky បាននិយាយនៅក្នុងកំណត់ត្រាវិភាគថា៖ «យ៉ាងហោចណាស់ សម្រាប់ពេលនេះ យើងកំពុងឃើញដំណើរការនៃការបង្រួបបង្រួមរបស់សង្គមជាតិ ស្របពេលមានបញ្ហាប្រឈមថ្មីដែលអ៊ុយក្រែនកំពុងជួបប្រទះ»។
ស្ថាប័នស្ទង់មតិនេះ បានឲ្យដឹងថា លទ្ធផលគឺ «ស្ទើរតែដូចគ្នា« នៅទូទាំងប្រទេស បើទោះបីជាការជឿទុកចិត្ត មានកម្រិតទាបជាងបន្តិច នៅក្នុងចំណោមប្រជាជាននៅភាគខាងកើត ៦០ភាគរយក៏ដោយ។ នៅទូទាំងប្រទេស ២៩ភាគរយនៃអ្នកឆ្លើយតប បាននិយាយថា ពួកគេមិនជឿជាក់លើលោក Zelensky ឡើយ៕