ក្រុមសកម្មជនសិទ្ធិមនុស្ស និយាយថា ការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ បានហក់ឡើងខ្ពស់នៅទីក្រុងភាគខាងកើត Bukavuរបស់ប្រទេសកុងហ្គោ ក្រោយការគ្រប់គ្រងរបស់ក្រុមឧទ្ទាម M23 កាលពីខែមុន ក្នុងនោះមនុស្សជាច្រើន ត្រូវបានសម្លាប់ដោយប្រជាជន ។
ការហក់ឡើងខ្ពស់នៃការសម្លាប់យ៉ាងព្រៃផ្សៃនេះ បានកើតមានឡើងដោយសារគ្មានសន្តិសុខបន្សល់ទុកពីកងកម្លាំងកុងហ្គោរត់ភៀសខ្លួន និងប្រព័ន្ធតុលាការពុំដំណើរការ ក្រោយការមកដល់យ៉ាងឆាប់រហ័សរបស់ក្រុមឧទ្ទាម M23 ។
ជនរងគ្រោះដែលត្រូវបានគេចោទប្រកាន់ថាជាចោរ ចោរប្លន់ប្រដាប់អាវុធ និងអាបធ្មប់ ត្រូវបានវាយប្រហាររហូតដល់ស្លាប់ ហើយពេលខ្លះត្រូវបានដុតសម្លាប់ទាំងរស់នៅតាមផ្លូវទៀតផង ។
សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានមើលឃើញការសម្លាប់មនុស្ស ៣នាក់ ក្រៅប្រព័ន្ធតុលាការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
ក្រុមឧទ្ទាម M23ដែលរងការចោទប្រកាន់ថាត្រូវបានគាំទ្រដោយប្រទេសរ៉្វាន់ដា បានច្រានចោលរាល់ការជាប់ពាក់ព័ន្ធណាមួយក្នុងការសម្លាប់នៅក្រៅប្រព័ន្ធតុលាការទាំងអស់នេះ ។
ក្រុមមន្រ្តីតែងតាំងដោយក្រុមឧទ្ទាម M23និយាយថា ពួកគេកំពុងធ្វើការដើម្បីបង្កើតឡើងវិញពន្ធនាគារកណ្តាល ដើម្បីឃុំឃាំងជនសង្ស័យឲ្យបានត្រឹមត្រូវ ក្រោយរងការរលាកភ្លើងដោយផ្នែក ហើយអ្នកទោសជាង ២.៥០០នាក់ បានរត់គេច មុនពេលក្រុមឧទ្ទាមចូលដល់ទីក្រុង Bukavu ។
ក្រុមឧទ្ទាម M23 បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការគ្រប់គ្រងទីក្រុងមួយនេះ ហើយពួកគេនឹងផ្តល់បណ្តុះបណ្តាលឡើងវិញដល់កងកម្លាំងនគរបាលក្នុងស្រុក ក្រោមសិទ្ធិអំណាចរបស់ពួកគេ ៕