នៅថ្ងៃសុក្រនេះ ក្រុមនគរបាលនៅក្នុងរដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកសំឡេង ដើម្បីបំបែកហ្វូងមនុស្សរាប់រយនាក់មកពីក្រុមជីវពលហាមឃាត់ Hizb-ut-Tahrir ដែលនាំគ្នាដង្ហែរក្បួនទាមទារឲ្យលទ្ធិប្រជាធិបតេយ្យបែបអាណាចក្ររបស់ប្រទេសមួយនេះ ជំនួសដោយព្រះចៅកាលិហ្វអ៊ិស្លាមវិញ ។
ក្រុមសកម្មជនរាប់រយនាក់ដែលនាំគ្នាស្រែកពាក្យព្រះចៅកាលិហ្វ “Khilafat, Khilafat” បានជួបជុំគ្នាសម្រាប់ពិធីដង្ហែរក្បួន “March for Khilafat” នៅក្រៅព្រះវិហារ Baitul Mukarram ក្រោយពិធីបួងសួងថ្ងៃសុក្រ ដោយពួកគេផ្គើនទៅនឹងប៉ារ៉ាស់ការពាររបស់នគរបាល ។
សមាជិកជាច្រើនរបស់ក្រុមអ៊ិស្លាមហាមប្រាមមួយនេះ ត្រូវបានឃាត់ខ្លួន អំឡុងបាតុកម្ម ។ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ នគរបាលក្រុង Dhaka បានព្រមានអង្គការហាមប្រាមមួយនេះ ប្រឆាំងនឹងការជួបជុំគ្នាជាសាធារណៈ និងការដង្ហែរក្បួន ។
សូមបញ្ជាក់ថា ក្រុមជីវពល Hizb-ut-Tahrir ដែលត្រូវបានហាមប្រាមនៅក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីឆ្នាំ ២០០៩រហូតមកសម្រាប់ហេតុផលគំរាមកំហែងដល់សន្តិសុខជាតិនោះ តែងតែរៀបចំបាតុកម្ម និងការដង្ហែរក្បួន ជាការផ្គើនទៅនឹងបំរាមរបស់រដ្ឋាភិបាលលើការជួបជុំគ្នាជាសាធារណៈ ៕