ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បន្តផែនការបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន អ្នកស្រី Kateryna Bohutska ចង់ប្រាកដថា កូនប្រុសអាយុ ២៤ឆ្នាំរបស់គាត់ មិនត្រូវបានគេបំភ្លេចចោលនោះទេ ។
ឈរនៅមុខស្ថានទូតសហរដ្ឋអាមេរិកស្ថិតក្នុងទីក្រុងគីវ កាន់រូបថតសន្លឹករបស់កូនប្រុស Rostylav ដែលជាទាហានម៉ារីនត្រូវបានចាប់ខ្លួនដោយរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២ អ្នកស្រីសង្ឃឺមថា ដំណើរការការទូត នឹងអាចដោះលែងកូនប្រុសរបស់គាត់ឲ្យមានសេរីភាពឡើងវិញ ។
អំឡុងពិធីដង្ហែរក្បួនបង្ហាញការគាំទ្រដល់ឈ្លើយសឹក និងទាហានបាត់ខ្លួនរបស់ទីក្រុងគីវ អ្នកស្រី Bohutska វ័យ ៤៦ឆ្នាំ និយាយថា បើសិនជាការដោះដូរឈ្លើយសឹក ត្រូវបានគេចាត់ទុកថាជាអាទិភាពនោះ ដល់ពេលនោះ ពួកយើងសង្ឃឹមថា ក្មេងៗរបស់ពួកយើង ទាំងស្រីទាំងប្រុស នឹងអាចវិលត្រឡប់មកវិញជាក់ជាពុំខាននោះឡើយ ។
ពលរដ្ឋអ៊ុយក្រែនដែលមនុស្សជាទីស្រលាញ់របស់ពួកគេស្ថិតក្នុងចំណោមទាហាន និងជនស៊ីវិលរាប់ម៉ឺននាក់ ត្រូវបានដាក់ពន្ធនាគារដោយរុស្ស៊ីនោះ រង់ចាំមើលដោយអន្ទះសារចំពោះការជំរុញសន្តិភាពរបស់លោក Trump ដោយពួកគេសង្ឃឹមថា មិត្តភ័ក្តិរបស់ពួកគេ សាច់ញាតិរបស់ពួកគេ នឹងត្រូវរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយ ។
សូមបញ្ជាក់ថា ទីក្រុងគីវ និងទីក្រុងម៉ូស្គូ តែងតែធ្វើការដោះដូរឈ្លើយសឹកជាញឹកញាប់ ពេញសង្រ្គាមរបស់ពួកគេ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្នើសុំឲ្យមានការដោះដូរឈ្លើយសឹកទាំងអស់ ជាផ្នែកមួយនៃមាគ៌ាវឆ្ពោះទៅរកកិច្ចពិភាក្សាជាមួយរុស្ស៊ី ៕