លោក Abu Obeida គឺជាអ្នកនាំពាក្យក្រុមជីវពលហាម៉ាស់និយាយកាលពីថ្ងៃព្រហស្បតិ៍ថា រាល់សកម្មភាពយោធាកើនឡើងរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន ច្បាស់ណាស់ថានឹងនាំឲ្យមានការសម្លាប់ចំណាប់ថ្នូរមួយចំនួន ហើយការគំរាមកំហែងរបស់អ៊ីស្រាអែលក្នុងការបន្តសង្រ្គាម និងការបិទផ្លូវ នឹងមិនអាចធានាបានឡើយចំពោះការដោះលែងចំណាប់ថ្នូរ ។
នៅក្នុងសុន្ទរកថាជាវីដេអូ លោក Abu និយាយថា ក្រុមហាម៉ាស់ត្រៀមខ្លួនរួចរាល់គ្រប់លទ្ធភាពទាំងអស់ រួមទាំងការចាប់ផ្តើមសង្រ្គាមឡើងវិញ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បានឡើយទីតាំង ឬកាលបរិច្ឆេតនៃការថតវីដេអូនេះ ។
សូមបញ្ជាក់ថា ដំណាក់កាលដំបូងនៃបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានបញ្ចប់ទៅហើយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានបិទផ្លូវទាំងស្រុង លើការនាំចូលទំនិញទាំងអស់ទៅក្នុងតំបន់ហ្កាហ្សា ដោយពួកគេទាមទារឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ថ្នូរនៅសេសសល់ ដោយពុំចាប់ផ្តើមកិច្ចចរចាបញ្ចប់សង្រ្គាម ៕