ភ្នំពេញ៖ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងកម្មករនិយោជិតចំនួនជាង ៥ ៥០០នាក់ បានប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខួបទី ១១៤ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
កម្មវិធីជួបជុំអបអរសាទរដ៏សប្បាយរីករាយនេះដែរ ក៏មានវត្តមានចូលរួមរបស់លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា រដ្ឋបាលខេត្ត ស្រុក មន្ទីរ និងកម្មករ កម្មការិនី។
នៅក្នុងមតិស្វាគមន៍ និងសំណេះសំណាលទៅកាន់អ្នកចូលរួមកម្មវិធីនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា វត្តមានចូលរួមប្រារព្ធពិធីនេះផ្ទាល់ជាមួយបងប្អូន គឺជាឱកាសដ៏ពិសេស ដែលបង្ហាញពីសាមគ្គីភាព ភាពស្និទ្ធិស្នាល ក្នុងការចូលរួមសប្បាយរីករាយជាមួយបងប្អូនកម្មករនិយោជិត ជាពិសេសជាឱកាសមួយដែលអាចថ្លែងអំណរគុណចំពោះបងប្អូនដែលបានចូលរួមក្នុងសកម្មភាពផលិតកម្ម ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ស្ត្រីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ។ ស្ត្រីកម្ពុជាមិនមែននៅតែផ្ទះ ចាំតែធ្វើកិច្ចការផ្ទះ ចាំតែមើលថែកូន និងចាំតែប្រាក់ចំណូលពីស្វាមីនោះទេ។ ប្អូនៗ និងក្មួយៗស្ត្រី ដែលមិនទាន់មានគ្រួសារក៏ដោយ ក៏មិនមែននៅផ្ទះចាំឪពុកម្តាយ និងចាំបងប្អូនចិញ្ចឹមទំនុកបម្រុងនោះទេ។ ផ្ទុយទៅវិញ ប្អូនៗ និងក្មួយៗទាំងអស់គ្នាសុទ្ធតែបានមកធ្វើការផង និងផ្ញើប្រាក់ឧបត្ថម្ភដល់ឪពុកម្ដាយ កូនៗ និងប្អូនៗឱ្យបានចូលរួមរៀនសូត ផងដែរ។ ស្ត្រីកម្ពុជានៅពេលនេះ មិនមែនដូចពាក្យបុរាណពោលថា ”ស្ត្រីបង្វិលជើងក្រាន មិនជុំ” នោះទេ ពីព្រោះជាក់ស្តែង យើងមានតួរលេខ ដែលបង្ហាញយ៉ាងច្បាស់ថាស្ត្រី ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រាកដមែន។
គួរបញ្ជាក់ថា ការប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបទី ១១៤ ជាមួយកម្មករនិយោជិតនេះ គឺជាការបង្ហាញនូវការជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយ សុខដុមរមនា រវាងកម្មករនិយោជិត ភាគីនិយោជក និងភាគីសហជីព។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រកាសផ្តល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ជូនដល់បងប្អូនកម្មការិនីដែលមានផ្ទៃពោះលើសពីបីខែ និងកម្មករនិយោជិតមានពិការភាព ដែលកំពុងបំពេញការងារវិស័យរោងចក្រ រួមនិងការផ្តល់ជូនជារង្វាន់កង្ហារចំនួន ១០០គ្រឿង ដែលឧបត្ថម្ភផ្ទាល់ពីឯកឧត្តមរដ្ឋមន្ត្រី ផងដែរ៕











