ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ ទី៧ មីនា បានគំរាមដាក់ទណ្ឌកម្ម និងដំឡើងពន្ធថ្មីលើប្រទេសរុស្ស៊ី ជុំវិញការទម្លាក់គ្រាប់បែករបស់ប្រទេសនេះលើអ៊ុយក្រែន បន្ទាប់ពីបានផ្អាកជំនួយរបស់សហរដ្ឋអាមេរិកកាលពីពេលមុនដល់ទីក្រុងគីវ។
ប៉ុន្តែនៅក្នុងការអត្ថាធិប្បាយកាលពីល្ងាចថ្ងៃសុក្រ លោកបាននិយាយថា វា «ងាយស្រួល» ក្នុងការធ្វើការជាមួយរុស្ស៊ី ជាងអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម។
ការព្រមានរបស់លោក Trump ទៅកាន់ទីក្រុងមូស្គូ ដែលបានផ្សព្វផ្សាយនៅលើវេទិកាសង្គម Truth Social របស់លោក បានធ្វើឡើងប៉ុន្មានម៉ោងក្រោយពីរុស្ស៊ី បានវាយប្រហារដោយយានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំ ទៅលើរោងចក្រថាមពលរបស់អ៊ុយក្រែន កាលពីថ្ងៃសុក្រ។
លោក Trump បានសរសេរថា «ដោយផ្អែកលើការពិតដែលថារុស្ស៊ីកំពុងវាយលុកលើអ៊ុយក្រែនយ៉ាងពិតប្រាកដនៅក្នុងសមរភូមិនៅពេលនេះ ខ្ញុំកំពុងពិចារណាយ៉ាងខ្លាំងលើការដាក់ទណ្ឌកម្មផ្នែកធនាគារ ការដាក់ទណ្ឌកម្មផ្សេងទៀត និងការដំឡើងពន្ធលើរុស្ស៊ី រហូតទាល់តែមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសេចក្តីសម្រេចចុងក្រោយស្តីពីសន្តិភាព បានឈានដល់» ។
លោកបាននិយាយបន្ថែមថា «ចំពោះរុស្ស៊ី និងអ៊ុយក្រែន សូមចូលតុនាពេលឥឡូវនេះ មុនពេលវាយឺតពេល»។