តាកែវ ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់មន្រ្តីរាជការនៅក្នុងខេត្តទាំងអស់ ត្រូវតែធ្វើជាគំរូល្អមុនគេ ស្ដីពីការសម្អាតអនាម័យបរិស្ថាន នៅតាមមន្ទីរស្ថាប័នរបស់ខ្លួនឱ្យបានស្អាត ដើម្បីឱ្យប្រជាពលរដ្ឋយកតម្រាប់តាម។
នៅក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា កាលពីម្សិលមិញ ដែលមានការចូលរួមពីសំណាក់ សិស្សនិស្សិត និងមន្រ្តីរាជការរាប់រយនាក់ ឯកឧត្តមអភិបាលខេត្តតាកែវ បានធ្វើការណែនាំអប់រំដល់ប្រជាពលរដ្ឋឱ្យសម្អាតលំនៅឋានរបស់ខ្លួនឱ្យស្អាត កុំចោលសំរាមផ្ដេសផ្ដាសពាសវាលពាសកាល មន្រ្តីរាជការ គប្បីធ្វើជាគំរូមុនគេ តាមរយៈការសម្អាតមន្ទីរ ស្ថាប័នរបស់ខ្លួន ដែលបម្រើការឱ្យមានអនាម័យ ស្អាត គ្មានការចោលសំរាមនៅខាងមុខ ឬក្បែរ ហើយនៅតាមទីសាធារណៈ ដែលមន្ទីរ ស្ថាប័ន ឬអាជ្ញាធរក្រុងស្រុកទទួលខុសត្រូវ ត្រូវតែធ្វើការថែទាំ និងសម្អាតឱ្យបានជាប់ជាប្រចាំ ឱ្យមានសោភ័ណភាព។
ឯកឧត្តម បានបន្តថា នៅពេលដែលមន្ទីរ ស្ថាប័នរបស់រដ្ឋ និងទីកន្លែងសាធារណៈមានសោភ័ណភាពស្រស់ស្អាត ប្រជាពលរដ្ឋ នឹងយកគំរូតាម ហើយនៅតាមទីសាធារណៈ ជាពិសេសនៅតាមសួនច្បារ និងមានប្រជាពលរដ្ឋដើរលេងកម្សាន្ត និងនាំគ្នាហាត់ប្រាណកាន់តែច្រើនទៀតជាក់ជាពុំខាន។
ឯកឧត្តម អ៊ូច ភា បានបន្ថែមថា បរិស្ថានអនាម័យល្អស្អាត គឺផ្តើមចេញពីយើងម្នាក់ៗ បើកាល ណាយើងមានទម្លាប់ល្អ គឺធ្វើឱ្យយើងរស់នៅក្នុងស្ថានភាពបរិស្ថានល្អ ដែលនាំឱ្យយើងមានសុខភាពល្អមិនមានជំងឺតម្កាត់កើតឡើងផ្សេងកើតឡើងទៅលើខ្លួនយើងផងដែរ៕
អត្ថបទ៖ គុជ វិភាគ