អង្គការសុខភាពពិភពលោក(WHO) កំពុងផ្តល់ជម្រើសនៃការចូលនិវត្តន៍មុនកំណត់ដោយស្ម័គ្រចិត្តដល់និយោជិតដែលមានសិទ្ធិ ខណៈស្ថាប័ននេះស្វែងរកការកាត់បន្ថយការចំណាយ បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដកខ្លួនចេញពីទីអង្គការនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក(WHO) បានឲ្យដឹងថា ស្ថាប័ននេះ កំពុងផ្តល់ឲ្យនូវកញ្ចប់ប្រាក់ចូលនិវត្តន៍មុនកំណត់ដោយស្ម័គ្រចិត្តដល់បុគ្គលិកដែលបម្រើការទាំងអស់។
សារព័ត៌មាន Bloomberg ដែលបានរាយការណ៍ពីការវិវឌ្ឍន៍ដំបូងថា អង្គការសុខភាពពិភពលោក(WHO) បានផ្តល់ការចូលនិវត្តន៍មុនពេលកំណត់ រួមជាមួយនឹងប្រាក់ឈ្នួលរយៈពេល៤ខែ ដល់បុគ្គលិកដែលនឹងមានអាយុ៥៥ឆ្នាំ ឬចាស់ជាងនេះ នៅខែមិថុនា ហើយអ្នកដែលទទួលយកនឹងត្រូវចាកចេញពីទីភ្នាក់ងារនៅត្រឹមថ្ងៃទី១៥ ខែកក្កដា។
លោក Trump បានចាប់ផ្តើមដំណើរការដកខ្លួនរយៈពេល១២ខែសម្រាប់សហរដ្ឋអាមេរិក ដើម្បីចាកចេញពី អង្គការសុខភាពពិភពលោក។ អង្គការសុខភាពពិភពលោក(WHO) បានផ្តួចផ្តើមវិធានការកាត់បន្ថយការចំណាយ រួមទាំងកាត់ការចំណាយលើការធ្វើដំណើរ និងបញ្ឈប់ការជ្រើសរើសបុគ្គលិក បន្ទាប់ពីសហរដ្ឋអាមេរិក បានមានចំណាត់ការដកខ្លួនចេញ។
សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់អង្គការសុខភាពពិភពលោក(WHO) ដោយបានរួមចំណែកប្រហែល១៨ភាគរយនៃមូលនិធិសរុបរបស់ខ្លួន។