មេដឹកនាំក្រុមហ៊ួរទី នៅប្រទេសយេម៉ែន លោក Abdul Malik al-Houthi បាននិយាយកាលពីថ្ងៃសុក្រ ថា ក្រុមនេះ នឹងបន្តប្រតិបត្តិការកងទ័ពជើងទឹករបស់ខ្លួនប្រឆាំងអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល មិនដកការរារាំងជំនួយចូលទៅក្នុងហ្កាហ្សា ក្នុងរយៈពេលបួនថ្ងៃ។ ចលនាសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានធ្វើការវាយប្រហារជាង១០០លើក លើការដឹកជញ្ជូន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយនិយាយថា ពួកគេមានសាមគ្គីភាពជាមួយប៉ាឡេស្ទីន ជុំវិញសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសនៅហ្កាហ្សា ហើយការវាយប្រហារបានថយចុះកាលពីខែមករា បន្ទាប់ពីបទឈប់បាញ់នៅទីនោះ។
ក្នុងអំឡុងពេលនោះ ក្រុមនេះបានពន្លិចនាវាពីរគ្រឿង រឹបអូសយកមួយគ្រឿងផ្សេងទៀត និងបានសម្លាប់អ្នកធ្វើដំណើរតាមសមុទ្រយ៉ាងហោចណាស់ ៤នាក់ ក្នុងការវាយលុកដែលរំខានដល់ការដឹកជញ្ជូននៅទូទាំងពិភពលោក ដោយបង្ខំឱ្យក្រុមហ៊ុននានាស្វែងរកផ្លូវថ្មីដែលឆ្ងាយជាង និងចំណាយច្រើនជាង នៅជុំវិញប្រទេសអាហ្វ្រិកខាងត្បូង។
ប្រសិនបើសត្រូវអ៊ីស្រាអែល ក្រោយរយៈពេលបួនថ្ងៃនៅតែបន្តរារាំងជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា ហើយបន្តបិទច្រកឆ្លងកាត់ទាំងស្រុង នោះយើងនឹងបន្តប្រតិបត្តិការកងទ័ពជើងទឹករបស់យើងប្រឆាំងសត្រូវអ៊ីស្រាអែល។
កាលពីថ្ងៃទី២ ខែមីនា អ៊ីស្រាអែលបានរារាំងការចូលរបស់រថយន្តដឹកជំនួយទៅក្នុងតំបន់ហ្កាហ្សា ខណៈការប្រឈមមុខដាក់គ្នាជុំវិញបទឈប់បាញ់បានកើនឡើង ដោយក្រុមហាម៉ាស បានអំពាវនាវឱ្យអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា ធ្វើអន្តរាគមន៍។