ព្យុះស៊ីក្លូនត្រូពិក Alfred បន្តវាយប្រហារតំបន់ភាគអាគ្នេយ៍ប្រទេសអូស្ត្រាលីនៅថ្ងៃសៅរ៍នេះ ខណៈក្រុមមន្រ្តីនៅរដ្ឋ New South Wales និយាយប្រាប់អ្នកស្រុកឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ ពេលដែលព្យុះបោកបក់រំលើងដើមឈើ បង្គោលភ្លើង និងជន់លិចប្រព័ន្ធទន្លេ ។
លោក Chris Minns គឺជាអភិបាលរដ្ឋ New South Wales និយាយថា គ្រាអាសន្ននេះនៅមិនទាន់រំលងផុតនោះទេ ពីព្រោះថាទឹកទន្លេនៅពេញប្រៀបច្រាំង ភ្លៀងនៅតែបន្តធ្លាក់ ហើយរំពឹងថានឹងបន្តធ្លាក់ខ្លាំងច្រើនទៀត នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។
លោកបន្តថា ម្យ៉ាងវិញទៀត ស្ថានភាពខ្យល់បក់នៅតែខ្លាំង ជាពិសេសនៅតាមតំបន់ឆ្នេរ ដូច្នេះហើយសម្រាប់ហេតុផលទាំងនេះ វាពិតជាសំខាន់ខ្លាំងណាស់កាលដែលសាធារណជនត្រូវតែបន្តប្រុងប្រយ័ត្នខ្ពស់ ។
មន្ទីរឧតុនិយមអូស្ត្រាលី និយាយថា ព្យុះ Alfred ដែលបច្ចុប្បន្នថមថយកម្លាំងមកនៅជាព្យុះត្រូពិកកម្រិតទាប បានបោកបក់ឆ្លងកាត់បណ្តាកោះជិតរដ្ឋ Queensland កាលពីយប់កន្លងទៅ ហើយវានឹងធ្វើដំណើរឆ្ពោះទៅកាន់ដីគោក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ។
មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសខ្លួន ហើយសារព័ត៌មានក្នុងស្រុក រាយការណ៍ថា ពលរដ្ឋប្រហែល ២៥ម៉ឺនាក់ ប្រឈមនឹងការដាច់ចរន្តអគ្គិសនី ពេលដែលខ្យល់បក់ខ្លាំង បានធ្វើឲ្យបង្គោលភ្លើងដួលរលំ ។
នៅពុំទានមានសេចក្តីរាយការណ៍ពីករណីស្លាប់មនុស្សនោះទេ ប៉ុន្តែក្រុមអាជ្ញាធរ បានជំរុញឲ្យអ្នកស្រុកបន្តស្នាក់នៅក្នុងផ្ទះ ៕