ក្បួនរថយន្តរបស់កងកម្លាំងសន្តិសុខស៊ីរី បានចេញដំណើរពីទីក្រុង Aleppo ទៅកាន់តំបន់ឆ្នេរសមុទ្រជាទីដែលកងពង្រឹងច្បាប់ ត្រូវបានបញ្ជូនទៅកាន់ទីនោះ ដើម្បីកម្ទេចការបះបោររបស់សកម្មប្រយុទ្ធមកពីក្រុមជនជាតិភាគតិច Alawite របស់លោក Bashar al-Assad ក្នុងនោះមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ ស្របពេលដែលរដ្ឋាភិបាលដឹកនាំដោយអ៊ិស្លាម ប្រឈមនឹងការងារលំបាកធំបំផុតពុំធ្លាប់មានចំពោះសិទ្ធិអំណាចរបស់ខ្លួន ។
ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី រាយការណ៍ថា មនុស្សជាង ១៣០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២ថ្ងៃនៃអំពើហិង្សា នៅតំបន់ឆ្នេរភាគខាងលិចប្រទេសស៊ីរី ជាកន្លែងដែលមានជនជាតិភាគតិច Alawite រស់នៅច្រើន ។
ក្រុមសង្កេតការណ៍ និយាយទៀតថា ពួកគេរួមមានទាំងអ្នកស្រុករស់នៅក្នុងទីក្រុង Al Mukhtareyah របស់ជនជាតិភាគតិច Alawite ដែលត្រូវបានសម្លាប់ដោយក្រុមខ្មាន់កាំភ្លើងកាលពីថ្ងៃសុក្រ ។
ក្រុមអាជ្ញាធរស៊ីរី និយាយថា អំពើហិង្សាបានផ្ទុះឡើងពេលដែលក្រុមសំណល់ភក្តីភាពចំពោះមេដឹកនាំទម្លាក់ចេញពីអំណាចលោក Assad បើកការវាយប្រហារសម្លាប់មនុស្ស និងរៀបផែនការបានយ៉ាងល្អលើកងកម្លាំងរបស់ពួកគេ កាលពីថ្ងៃព្រសហ្បតិ៍ ។
ប្រេសិតពិសេស UNប្រចាំនៅស៊ីរីលោក Geir Pedersen បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាដ៏តានតឹងនេះ និងការសម្លាប់នៅតំបន់ឆ្នេររវាងកងកម្លាំងរបស់អាជ្ញាធរបណ្តោះអាសន្នស៊ីរី និងក្រុមភក្តីភាពជាមួយអតីតរបប ក្នុងនោះមានសេចក្តីរាយការណ៍ជាច្រើនពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនស៊ីវិល ៕