មនុស្ស ២២នាក់ ត្រូវបានសម្លាប់ក្នុងការផ្ទុះអាវុធនៅទីក្រុងធំបំផុត Guayaquil របស់ប្រទេសអេក្វាឌ័រ ដែលនគរបាលនិយាយថា វាគឺជាជម្លោះដ៏មានសក្តានុពលរវាងក្រុមឧក្រិដ្ឋជន Los Tiguerones ដែលព្យាយាមធ្វើសង្រ្គាមដណ្តើមគ្រប់គ្រងសង្កាត់ Nueva Prosperina ។
កាលពីថ្ងៃសុក្រ នគរបាលបានបញ្ចេញរូបភាពវីដេអូឃ្លីបពីការវាយឆ្មក់លើសង្កាត់ Nueva Prosperina ។
មេបញ្ជាការប្រចាំតំបន់ ៨ លោកឧត្តមសេនីយ៍ Pablo Davila និយាយថា មនុស្ស ១២នាក់ ត្រូវបានឃាត់ខ្លួនសម្រាប់ការបង្កអំពើហិង្សា ជាទីដែលក្រុមឧក្រិដ្ឋជនវាយប្រហារគ្នាទៅវិញទៅមក រួមទាំងអនីតិជន ២នាក់ផងដែរដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ។
ប្រធានាធិបតីអេក្វាឌ័រលោក Daniel Noboa បានបង្កើនប្រតិបត្តិការសន្តិសុខក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ នៅតាមតំបន់មានអំពើហិង្សាខ្លាំងបំផុត ដែលជាផ្នែកមួយនៃសង្រ្គាមប្រឆាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀនដែលប្រកាសចេញដោយរដ្ឋាភិបាល ។
នគរបាលជាតិអេក្វាឌ័រ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សមួយចំនួនដែលត្រូវបានសម្លាប់ កាលពីមុនធ្លាប់កាត់ទោសពីបទចោរប្លន់ ការជួញដូរគ្រឿងញៀន និងការគ្រប់គ្រងអាវុធខុសច្បាប់ ៕