
ភ្នំពេញ៖ ថ្ងៃនេះ ខ្ញុំបានបំពេញភារកិច្ចក្នុងនាមជាប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតម្នាក់ ដោយបានមកពិនិត្យឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត តបតាមការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
នេះបើតាមឯកឧត្ដម ហ៊ុន ម៉ានី សរសេរនៅក្នុងហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដមនៅថ្ងៃទី២៤ ខែវិច្ឆិកា។
ការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់ឯកឧត្ដម ហ៊ុន ម៉ានី នៅថ្ងៃនេះ បានធ្វើនៅសាលាសង្កាត់ស្វា យក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពពីហ្វេសប៊ុករបស់ឯកឧត្ដម ហ៊ុន ម៉ានី ដដែលបន្តថា ការពិនិត្យនេះប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំនេះ ការពិនិត្យបញ្ជីឈ្មោះធ្វើឡើងចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដែលគិតមកដល់ថ្ងៃនេះ នៅសល់តែ ៦ ថ្ងៃទៀតប៉ុណ្ណោះ។
ឯកឧត្ដមក៏បានអំពាវនាវដល់លោកយាយ លោ កតា ពុកម៉ែ អ៊ំ ពូមីង បងប្អូនទាំងអស់អញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ ត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឱ្យបានគ្រប់គ្រាន់។
ជាពិសេស បើបងប្អូនបានផ្លាស់ប្តូរអត្តសញ្ញាណបណ្ណគំរូថ្មី សូមអញ្ជើញទៅធ្វើបច្ចុប្បន្នភាពឱ្យបានឆាប់រួសរាន់។ ការបោះឆ្នោត គឺជាការអនុវត្តសិទ្ធិពលរដ្ឋដ៏មានសារៈសំខាន់ក្នុងនាមជាសមាជិកប្រកបដោយភាពទទួលខុសត្រូវម្នាក់របស់សង្គម។
ឯកឧត្ដមបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២២ ខាងមុខនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ នឹងឈានចូលមកដល់ ឯកឧត្ដមសង្ឃឹមថា លោកយាយ លោកតា ពុកម៉ែ អ៊ំ ពូមីង បងប្អូនទាំងអស់នឹងជ្រើសរើសបេក្ខជន ដែលមកពីគណបក្សដែលយើងជឿជាក់ និងដែលយើងបានឃើញបានដឹងថា តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាជន ដោះស្រាយរាល់បញ្ហាប្រឈមគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលចុងក្រោយនៃការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កន្លងទៅនេះ៕ ដោយ៖ គង់ ឌិន


