សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើការសង្កត់ធ្ងន់ពីកម្លាំងកងទ័ពជើងទឹក ពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតនាវាសំខាន់ ដើម្បីអង្កេតគម្រោងសាងសង់នាវាកងទ័ពជើងទឹក និងនាវាមុជទឹកនុយក្លេអ៊ែរ ។
យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋ KRT បានឲ្យដឹងថា លោក Kimនិយាយអំឡុងដំណើរទស្សនកិច្ចនោះថា កម្លាំងកងទ័ពជើងទឹក និងអាវុធនុយក្លេអ៊ែររបស់ខ្លួន ចាំបាច់ចំពោះអធិបតេយ្យភាពប្រទេសមួយនេះ ព្រំដែនសមុទ្រនៅភាគខាងកើត និងភាគខាងលិច ។
លោក Kim បាននិយាយផងដែរថា កូរ៉េខាងជើងនឹងមិនអត់ឱនឲ្យឡើយ ចំពោះសកម្មភាពយោធានៅសមុទ្រ និងក្រោមទឹកដែលត្រូវបានអនុវត្តឡើងដោយសត្រូវ ដូចជាការដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍យុទ្ធសាស្រ្តជាដើម ។
លោកបន្តថា ការការពារសមុទ្ររបស់ខ្លួន មិនត្រូវបានកំណត់នៅកន្លែងច្បាស់លាស់នោះទេ តែវាគ្របដណ្តប់លើតំបន់យ៉ាងច្រើនដែលចំាបាច់ ដើម្បីរក្សាសន្តិភាព ៕