ក្រុមជួយសង្រ្គោះនៅទីក្រុង Huanuco ស្ថិតនៅភាគកណ្តាលប្រទេសប៉េរូ បានជួយសង្រ្គោះអាយុជីវិតមនុស្ស និងសត្វពាហនៈដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ។
ទឹកជំនន់ បានបណ្តាលមកពីទឹកហូរខ្លាំងនៅក្នុងទន្លេ Huallaga ក្រោយភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីៗនេះ ។
រូបភាពវីដេអូឃ្លីបផ្តល់ជូនដោយនគរបាលក្រុង Huanuco ឃើញក្រុមមន្រ្តីប្រើប្រាស់ពោងអណ្តែត និងខ្សែពួរ ដើម្បីជួយមនុស្សចេញពីទឹក ។ ក្រុមមន្រ្តីផ្សេងទៀត ឃើញសែងមនុស្ស និងសត្វចិញ្ចឹមទៅកាន់ទីទួលសុវត្ថិភាព ។
លោក Rodolfo Depaz គឺជាអ្នកសម្របសម្រួលមជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់ស្រុក Pillco Marca និយាយថា បច្ចុប្បន្នពួកយើងមានផ្ទះរងផលប៉ះពាល់ជាច្រើនដែលបានបាក់រលំ និងរងការជន់លិច ។
ការិយាល័យគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយក្រុង Huanuco រាយការណ៍ថា ផ្ទះជាង ២៥០ខ្នង បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ។ ចំណែកឯសារព័ត៌មានប៉េរូ រាយការណ៍ផងដែរថា មនុស្ស ៤នាក់ បានស្លាប់ ក្នុងហេតុការណ៍បំណាក់ដី បង្កឡើងដោយសារទឹកជំនន់ ៕