ស្រ្តីរាប់ម៉ឺននាក់ បានបង្ហាញការខឹងសម្បារ និងភាពក្តៅក្រហាយរបស់ពួកគេ អំឡុងពិធីដង្ហែក្បួនទិវាសិទ្ធិនារីអន្តរជាតិនៅប្រទេសម៉ិកស៊ិក អាហ្សង់ទីន និងប៉េរូ កាលពីថ្ងៃសៅរ៍ម្សិលមិញ ។
នៅទីក្រុង Mexico City ប្រទេសម៉ិកស៊ិក ក្រុមបាតុករបានដង្ហែក្បួនឆ្លងកាត់ទីប្រជុំជនទៅកាន់វិមានប្រធានាធិបតី ស្រែកពាក្យស្លោកប្រឆាំងនឹងអំពើហិង្សាយេនឌឺ ខណៈដែលសាច់ញាតិរបស់ស្រ្តីដែលត្រូវបានគេសម្លាប់ បានទាមទាររកយុត្តិធម៌សម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ ។
ចំណែកឯនៅទីក្រុង Lima ប្រទេសប៉េរូ ការហែក្បួន បានឆ្លងកាត់មជ្ឈមណ្ឌលទីក្រុង ដោយស្រ្តីនាំគ្នាស្រែកពាក្យស្លោកគាំទ្រសមភាពយេនឌ័រ និងថ្កោលទោសឧក្រិដ្ឋកម្មយេនឌ័រ ។
ដោយឡែកនៅក្នុងទីក្រុង Buenos Aires របស់ប្រទេសអាហ្សង់ទីន លោកប្រធានាធិបតី Javier Milei បានក្លាយជាចំណុចប្រសព្វនៃការតវ៉ារបស់ស្រ្តី ។ ចាប់តាំងពីលោក Milei ឡើងកាន់អំណាចកាលពីខែធ្នូ ឆ្នាំ ២០២៣ សិទិ្ធនារី បានបាត់បង់ការគាំទ្រពីរដ្ឋាភិបាល ។
គួរឲ្យដឹងថា កាលពីថ្ងៃសុក្រកន្លងទៅ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បាននិយាយកាលពីថ្ងៃសុក្រថា សិទ្ធិនារី រងការវាយប្រហារ ហើយពួកយើងត្រូវតែតស៊ូ ។
នៅព្រឹត្តការណ៍របស់ UN រយៈពេល ១ថ្ងៃមុនទិវាសិទ្ធិនារីអន្តរជាតិនាថ្ងៃសៅរ៍នេះ លោក Guterres និយាយថា សតវត្សរ៍រើសឯងប្រឆាំងនារី កាន់តែធ្ងន់ធ្ងរខ្លាំងដោយសារការគំរាមកំហែងថ្មី ។
លោកនិយាយថា សម្ភារៈឌីជីថល តែងតែបំបិតមាត់ស្រ្តី ធ្វើឲ្យមានការលំអៀងកាន់តែខ្លាំង និងបញ្ឆេះការបៀតបៀនលើស្រ្តី ។ រាងកាយរបស់ស្ត្រីបានក្លាយជាសមរភូមិនយោបាយ ។
លោក Guterres ជំរុញឲ្យពិភពលោកតស៊ូ ដោយលោកបានធ្វើការសង្កត់ធ្ងន់ថា សមភាពយេនឌ័រមិនមែនគ្រាន់តែជាយុត្តិធម៌ប៉ុណ្ណោះទេ ។ ពួកយើងមិនអាចទទួលយកបានឡើយពិភពលោកជាទីដែលស្រ្តី និងក្មេងស្រីរស់នៅដោយការភ័យខ្លាច ជាទីដែលសុវត្ថិភាពរបស់ពួកគេ គឺជាអភ័យឯកសិទ្ធិជាជាងសិទ្ធិមិនអាចចរចាបាន ។
អ្នកស្រី Sima Bahous គឺជាប្រធានប្រតិបត្តិក្រុមស្រ្តី UNបាននិយាយបន្ទរសំដីលោក Guterres ថា ឆ្នាំនេះជាងឆ្នាំណាៗទាំងអស់ ការអំពាវនាវឲ្យមានសមភាពយេនឌ័រ ពុំដែលបន្ទាន់ជាងនេះនោះទេ ហើយការប្តេជ្ញាចិត្តរបស់ពួកយើងក៏ពុំធ្លាប់ដែលរង្គោះរង្គើរបែបនេះនោះដែរ ៕