ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា មនុស្សយ៉ាងហោច ២៥នាក់ បានស្លាប់នៅតំបន់ជាច្រើនរបស់ប្រទេសអ៊ុយក្រែន នៅក្នុងរលកចុងក្រោយនៃការវាយប្រហាររបស់រុស្ស៊ី ស្របពេលដែលជម្លោះពុំបានបង្ហាញសញ្ញានៃការថមថយនោះ ។
ក្រុមមន្រ្តីក្នុងស្រុក និយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារនៅតំបន់ Donetsk បានសម្លាប់មនុស្សយ៉ាងហោច ១១នាក់ និងមនុស្ស ៤០នាក់ផ្សេងទៀត បានរងរបួស ។ ផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ បានរងផលប៉ះពាល់នៅតំបន់ផ្សេងទៀត រួមទាំងតំបន់ Kharkiv និងតំបន់ Odesa ផងដែរ ។
ការវាយប្រហាររបស់រុស្ស៊ីបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេលដែលសហរដ្ឋអាមេរិកផ្អាកជំនួយយោធា និងការចែករំលែកព័ត៌មានចារកម្មជាមួយទីក្រុងគីវ ។ ការផ្អាកជំនួយនេះ បានកើតមានឡើងបន្ទាប់ពីជម្លោះពាក្យសម្តីនៅការិយាល័យ Ovalរបស់សេតវិមាន រវាងលោកប្រធានាធិបតី Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។
បន្ទាប់ពីការវាយប្រហារចុងក្រោយរបស់រុស្ស៊ីនេះ នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk និយាយថា នេះគឺជាអ្វីកើតឡើងពេលដែលនរណាម្នាក់សម្រួលដល់ជនព្រៃផ្សៃ ។
លោកបាននិយាយនៅលើបណ្តាញព័ត៌មានសង្គមថា គ្រាប់បែកកាន់តែច្រើន ការឈ្លានពានកាន់តែច្រើន ជនរងគ្រោះក៏មានកាន់តែច្រើនផងដែរ ។
ការវាយប្រហារដែលបានសម្លាប់មនុស្សច្រើនជាងគេបំផុត កើតឡើងកាលពីយប់ថ្ងៃសុក្រ ស្ថិតក្នុងទីក្រុង Dobropillya តំបន់ Donetsk ពេលដែលមនុស្សយ៉ាងហោច ១១នាក់ ត្រូវបានសម្លាប់ ក្រោយមីស៊ីលបាលីស្ទិក ២គ្រាប់វាយប្រហារលើអគារលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងផ្សារទំនើប ៕