ភ្នំពេញ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យលោកស្រី ម៉ារាម សឺមែន (Mariam J.Sherman) នាយិកាធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីសី្តការក្រសួងរសៀលថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកស្រី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រី នាយិកាធនាគារពិភពលោកប្រចាំប្រទេសទាំងបី និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រទាំងបច្ចេកទេស និងថវិការបស់ធនាគារពិភពលោក ជាពិសេសលើវិស័យសុខាភិបាល ចាប់តាំងពីឆ្នាំ១៩៩៧។
ជាមួយគ្នានោះដែរលោកស្រី ម៉ារាម សឺមែន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រី្តថា ចាប់តាំងពីឆ្នាំ១៩៩៧មក ធនាគារពិភពលោក បានឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល ដូចជា៖
១.គម្រោងប្រយុទ្ធជំងឺឆ្លង និងការអភិវឌ្ឍន៍សុខាភិបាល មានរយៈពេល៥ឆ្នាំ (ឆ្នាំ១៩៩៧-ឆ្នាំ២០០២)
២.គម្រោងគាំទ្រវិស័យសុខាភិបាល (ឆ្នាំ២០០៣-ឆ្នាំ២០១១)
៣.គម្រោងគាំទ្រវិស័យសុខាភិបាលជំហ៊ានទី២ (ឆ្នាំ២០០៨-ឆ្នាំ២០១៦)
៤.គម្រោងពង្រឹងគុណភាព និងសមធម៌សុខាភិបាល (ឆ្នាំ២០១៦-ឆ្នាំ២០២២)
៥.គម្រោងអាហារូបត្ថម្ភនៅកម្ពុជា (ឆ្នាំ២០១៩-ឆ្នាំ២០២៤)
៦.គម្រោងឆ្លើយតបបន្ទាន់ជំងឺកូវីដ-១៩ (ឆ្នាំ២០២០-ឆ្នាំ២០២២)
៧.គម្រោងពង្រឹងប្រព័ន្ធអប់រំមុនសេវាសម្រាប់វិជ្ជាជីវៈសុខាភិបាល (ឆ្នាំ២០២០-ឆ្នាំ២០២៦)
៨.ការរៀបចំគម្រោងពង្រឹងគុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (ឆ្នាំ២០២២-ឆ្នាំ២០២៧)
លោកស្រីនាយិកា បានសម្តែងនូវការកោតសរសើរចំពោះវិស័យសុខាភិបាលកម្ពុជា ដែលបានធ្វើឲ្យប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជា ក៏ដូចជាការការពារ ទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ-១៩ ជាពិសេសការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា និងជនបរទេសទាំងអស់ដែលរស់នៅប្រទេសកម្ពុជា បានលើស៨៨% នៃចំនួនប្រជាជនសរុប១៦លាននាក់។ លោកស្រី ក៏បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានសហការ និងគាំទ្រធនាគារពិភពលោក។ ហើយលោកស្រី ក៏បានស្នើសុំការគាំទ្រពីឯកឧត្តម រដ្ឋមន្រី្តក្រសួងសុខាភិបាល ទៅលើការរៀបចំគម្រោងពង្រឹងគុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។
ជាការឆ្លើយតប ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការកោតសរសើរចំពោះធនាគារពិភពលោក ដែលបានសហការយ៉ាងល្អជាមួយក្រសួងសុខាភិបាល និងស្នើសុំបន្តគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា។ ចំពោះការរៀបចំគម្រោងពង្រឹងគុណភាព និងសមធម៌សុខាភិបាល ឯកឧត្តមរដ្ឋមន្រី្ត បានស្នើសុំឲ្យធនាគារពិភពលោក ពិភាក្សាលំអិតជាមួយក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងជាពិសេសពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាចុងបញ្ចប់ឯកឧត្តម រដ្ឋមន្រី្ត បានជូនពរលោកស្រីនាយិកាបានទទួលជោគជ័យ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងបានប្រកបដោយសុខភាពល្អ ជាពិសេសជៀសផុតពីជំងឺកូវីដ-១៩៕ អត្ថបទ៖ រដ្ឋា