កាលពីថ្ងៃសៅរ៍ម្សិលមិញ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah
Ali Khamenei បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់តាក់ទិកគំរាមកំហែង
រយៈពេល ១ថ្ងៃក្រោយលោកប្រធានាធិបតី Donald Trump និយាយថា
លោកបានផ្ញើរលិខិតមួយច្បាប់ដល់ក្រុមអាជ្ញាធរកំពូលរបស់ទីក្រុងតេអេរ៉ង់
ដើម្បីចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។
ខណៈថ្លែងសុន្ទរកថានៅទីក្រុងតេអេរ៉ង់ លោក Khamenei និយាយថា គោលដៅនៃការផ្តល់កិច្ចចរចារបស់ទីក្រុងវ៉ាស៊ីនតោន គឺជការគាបសង្កត់ជាជាងការដោះស្រាយបញ្ហា
។
បើទោះបីជាបង្ហាញការបើកទូលាយចំពោះកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់យ៉ាងណាក្តី
លោក Trump បានបញ្ជាក់ដដែល ពីយុទ្ធនាការដាក់សំពាធអតិបរមាដែលលោកធ្លាប់ធ្វើអំឡុងអាណត្តិលើកដំបូងរបស់លោក
ដើម្បីធ្វើឲ្យអ៊ីរ៉ង់ឯកាពីសេដ្ឋកិច្ចសកល ហើយនិងធ្វើឲ្យការនាំចេញប្រេងអ៊ីរ៉ង់ធ្លាក់ដល់កម្រិតសូន្យ
។
អំឡុងអាណត្តិឆ្នាំ ២០១៧-២០២១របស់លោកជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តរវាងអ៊ីរ៉ង់
និងប្រទេសមហាអំណាចធំៗពិភពលោក ដែលបានរឹតត្បិតសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់
ជាការដោះដូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ។
ក្រោយលោក Trump ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
កាលពីឆ្នាំ ២០១៨ និងដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់
ជាហេតុធ្វើឲ្យទីក្រុងតេអេរ៉ង់បំពានឡើងវិញសកម្មភាពរឹតត្បិតនុយក្លេអ៊ែររបស់ពួកគេ ៕