មនុស្សរាប់សែននាក់នៅក្នុងរដ្ឋ Queensland របស់អូស្ត្រាលី ពុំមានថាមពលប្រើប្រាស់ទេនៅថ្ងៃអាទិត្យ (០៩ មីនា) នេះ បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិក Alfred ដែលធ្លាក់ចុះកម្លាំងយ៉ាងខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងច្រើននាក់របួស ហើយនាំមកនូវការខូចខាតជាច្រើន ខ្យល់បក់បោកយ៉ាងគ្រោះថ្នាក់ ព្រមទាំងភ្លៀងធ្លាក់មិនឈប់ ដែលបង្កឱ្យមានការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរ។

អង្គភាពចែកចាយថាមពល Energex បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សប្រហែល ៣១៦.៥៤០នាក់ ពុំមានថាមពលនៅភាគអាគ្នេយ៍នៃរដ្ឋ Queensland ជាទីដែលទីក្រុង Gold Coast ក្លាយជាតំបន់រងគ្រោះខ្លាំងជាងគេ ជាមួយនឹងមនុស្សជាង ១១២.០០០នាក់ ពុំមានអគ្គិសនី ដោយសារតែប្រព័ន្ធព្យុះដ៏គួរឱ្យបារម្ភនេះ។
ព្យុះនេះបានទៅដល់ឆ្នេរសមុទ្រ Queensland កាលពីថ្ងៃសៅរ៍ ក្នុង "កម្រិតត្រូពិច" បន្ទាប់ពីរយៈពេល ១៦ថ្ងៃជាព្យុះស៊ីក្លូនដ៏ធំ ដែលជំរុញឱ្យមានការត្រៀមទប់ទល់ដោយអ្នកស្រុករាប់លាននាក់។ រដ្ឋធានី Brisbane របស់រដ្ឋ Queensland បានរួចផុតពីឥទ្ធិពលនៃព្យុះ ខណៈក៏ប៉ះពាល់ផងដែរនៅក្នុងរដ្ឋជិតខាង New South Wales។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយនៅពីថ្ងៃអាទិត្យថា "ស្ថានភាពនៅក្នុងរដ្ឋ Queensland និងភាគខាងជើងនៃរដ្ឋ New South Wales នៅតែមានសភាពធ្ងន់ធ្ងរ ដោយសារតែទឹកជំនន់យ៉ាងគំហុក និងខ្យល់បក់ខ្លាំង"។ ការិយាល័យឧតុនិយមនិយាយថា ភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កឱ្យមានទឹកជំនន់យ៉ាងគំហុក កំពុងកើនឡើងនៅថ្ងៃអាទិត្យ ហើយអាចប៉ះពាល់ដល់ទីក្រុង Brisbane ព្រមទាំងមជ្ឈមណ្ឌលនានាក្នុងរដ្ឋ Queensland ដូចជាតំបន់ Ipswich, Sunshine Coast និង Gympie ជាដើម៕


