អ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ (០៨ មីនា) បានផ្ដល់សញ្ញារៀងៗខ្លួនថា ពួកគេកំពុងត្រៀមរៀបចំសម្រាប់ដំណាក់កាលបន្ទាប់នៃកិច្ចចរចាបទឈប់បាញ់ ខណៈក្រុមអ្នកសម្រុះសម្រួលបានជំរុញឱ្យមានវឌ្ឍនភាពដើម្បីបន្តបទឈប់បាញ់រយៈពេល ៤២ថ្ងៃដ៏ផុយស្រួយ ដែលបានចាប់ផ្តើមនៅក្នុងខែមករា។
ក្រុមហាម៉ាស បាននិយាយថាមាន "ការចង្អុលបង្ហាញវិជ្ជមាន" សម្រាប់ការចាប់ផ្តើមនៃកិច្ចពិភាក្សាដំណាក់កាលទីពីរនៃបទឈប់បាញ់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។
ខាងអ៊ីស្រាអែលវិញក៏បាននិយាយថា ខ្លួនកំពុងរៀបចំសម្រាប់ការចរចាដែរ។ ការិយាល័យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានលើកឡើងថា "អ៊ីស្រាអែល បានទទួលយកការអញ្ជើញរបស់អ្នកសម្រុះសម្រួលដែលគាំទ្រដោយអាមេរិក ហើយនឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងដូហា នៅថ្ងៃចន្ទ (១០ មីនា) ស្អែកនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការចរចា"។
គណៈប្រតិភូមកពីក្រុមហាម៉ាស កំពុងចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់នៅទីក្រុងគែរ ជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប ដែលបាននិងកំពុងជួយសម្រួលដល់កិច្ចចរចាជាមួយក្រុមមន្ត្រីមកពីកាតា។ ពួកគេមានបំណងបន្តទៅដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀង ដែលអាចបើកផ្លូវដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សាជាអចិន្រ្តៃយ៍៕


