ស្ត្រីរាប់សែននាក់បានចេញតវ៉ាតាមដងផ្លូវនៃទីក្រុងនានានៅទូទាំងទ្វីបអឺរ៉ុប ទ្វីបអាហ្រ្វិក សហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ជាមួយនឹងការទាមទារឱ្យបញ្ចប់វិសមភាព និងអំពើហិង្សាផ្អែកលើយេនឌ័រ។
នៅផ្នែកអាស៊ីនៃទីក្រុងដ៏ធំបំផុតរបស់ទួរគី គឺអ៊ីស្តង់ប៊ុល ការប្រមូលផ្តុំគ្នានៅតំបន់ Kadiköy បានឃើញសមាជិកនៃក្រុមស្ត្រីរាប់រយនាក់នាំគ្នាស្តាប់សុន្ទរកថា រាំច្រៀង និងដើរក្បួនចម្រុះពណ៌ អមដោយកម្លាំងនគរបាល រួមទាំងមន្រ្តីកុបកម្ម និងរថយន្តបាញ់កាណុងទឹក ត្រៀមសម្រាប់ភាពតានតឹងណាមួយ។

នៅបណ្តាប្រទេសជាច្រើនផ្សេងទៀតនៅអឺរ៉ុប ស្ត្រីក៏បានតវ៉ាប្រឆាំងនឹងអំពើហឹង្សា ដើម្បីទទួលបានការថែទាំសុខភាពជាក់លាក់អំពីយេនឌ័រ និងសម្រាប់ប្រាក់ឈ្នួលស្មើគ្នា ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
ចាប់ពីទីក្រុងអាតែន ទៅដល់ម៉ាឌ្រីដ ប៉ារីស មូនីច ហ្សូរីច និងប៊ែលក្រាដ និងនៅក្នុងទីក្រុងជាច្រើនទៀតទូទាំងទ្វីបអ៊ឺរ៉ុប ស្ត្រីបាននាំគ្នាដើរដង្ហែរទាមទារឱ្យបញ្ចប់ការចាត់ទុកជាពលរដ្ឋលំដាប់ទីពីរនៅក្នុងសង្គម នយោបាយ គ្រួសារ និងការងារ។
នៅប៉ែកអាហ្រ្វិកក្នុងរដ្ឋធានីឡាហ្គោ នៃប្រទេសនីហ្សេរីយ៉ា ស្ត្រីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកីឡដ្ឋាន Mobolaji Johnson ដោយរាំរបាំ និងកាន់ស្លាកតវ៉ា អបអរសាទរភាពជាស្ត្រីរបស់ពួកគេ។ នៅសហរដ្ឋអាមេរិក បាតុកម្មបានផ្ទុះឡើងនៅក្នុងទីក្រុងនានា រួមមានវ៉ាស៊ីនតោន ញូវយ៉ក និងឡូសអែនជើឡេស ដោយមានបាតុករជាច្រើនបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋបាលលោកប្រធានាធីបតី Donald Trump៕



