កំពង់ធំ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះពិនិត្យវាយតម្លៃការសាងសង់អាគារអាជ្ញាធរជាតិសំបូរព្រៃគុក និងការសាងសង់ផ្លូវវាងតំបន់ប្រាសាទសំបូរព្រៃគុក។ ជាមួយគ្នានេះដែរ លោកជំទាវ ជំរុញឲ្យក្រុមហ៊ុនសាងសង់ទាំងសំណង់អាគារ និងសាងសង់ផ្លូវត្រូវមានគុណភាពអនុលោមតាមកិច្ចព្រមព្រៀង។
លោកជំទាវបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណអាជ្ញាធរព្រៃគុកដែលមានអគារស្នាក់ការ១ខ្នង របងព័ទ្ធជុំវិញ។ ចំពោះអគារសាកលវិទ្យាល័យតេជោសែនកំពង់ធំ មានការសាងសង់អគារ២ខ្នង ៣ ជាន់ គឺអាគារ(A)និងងាគារ(C) មានរបងព័ទ្ធជុំវិញមានស្រះទឹក អន្តេវាសិកដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ ការសាងសង់អគារទាំងពីរ ត្រូវបានរៀបចំលើផ្ទៃដីចំនួន២៥ ហិកតាក្នុងនោះការសាងសង់អាគារគាអាជ្ញាធរជាតិសំបូរព្រៃគុកមានផ្ទៃដី ៥ ហិចតា និងសាកលវិទ្យាល័យតេជោសែនកំពង់ធំមាន ២០ ហិចតា ដោយវគ្គទី ១ អនុវត្តគម្រោងរយៈពេល ២ ឆ្នាំដោយចាប់ពីខែមិថុនា ២០២០ រហូតដល់ ខែមិថុនាឆ្នាំ២០២២ សាងសង់ដោយក្រុមហ៊ុន «លីឈួងសំណង់អាហរ័ណនីហរ័ណ»។
ដោយឡែកការសាងសង់ផ្លូវវាងប្រាសាទសំបូរព្រៃគុកមានប្រវែង ១៣,៤៩ គីឡូម៉ែត្រ និងទទឹង ១១ម៉ែត្រ។ ក្នុងនោះត្រូវចាក់កៅស៊ូប្រភេទអាមេចំនួន ៩ គីឡូម៉ែត្រ កំរាស់ ៩ ហ៊ុនហើយមាន ស្ពាន លូ សាងសង់ដោយអាជ្ញាធរជាតិសំបូរព្រៃគុក។ ផ្លូវវាងនេះគឺចាប់ផ្ដើមចេញពីភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្ក មកដល់ភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដើម្បីវាងប្រាសាទសំបូរព្រៃគុកចៀសវាងរថយន្តធំៗដឹកទំនិញចេញចូល ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដែលការសាងសង់ទាំង ៣ គម្រោងខាងលើនេះ គឺប្រើប្រាស់ថវិកានៅថ្នាក់ក្រោមជាតិ ។
ជាមួយគ្នានេះដែរលោកជំទាវ ភឿង សកុណា បានជំរុញឲ្យក្រុមការងារបន្តការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីឲ្យការសាង់មានគុណភាពប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍រួមសម្រាប់ពលរដ្ឋទូទៅ៕ អត្ថបទ៖ លី សាងស៊ីន







