ប្រជាជនប៉ាឡេស្ទីន ដែលរស់នៅក្នុងតំបន់ហ្កាហ្សាដ៏បំផ្លិចបំផ្លាញដោយសង្រ្គាម បាននិយាយថា ពួកគេភ័យខ្លាច និងកំពុងប្រឈមនឹងកង្វះអាហារ និងទឹកផឹក បន្ទាប់ពីអ៊ីស្រាអែល បានបញ្ឈប់ការបញ្ជូនជំនួយចូលទៅក្នុងទឹកដីហ៊ុមព័ទ្ធនេះ ដើម្បីដាក់សម្ពាធក្រុមហាម៉ាស ឱ្យយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការបន្តបទឈប់បាញ់ តាំងតែពីថ្ងៃទី០២ ខែមីនា មក។
អ្នកស្រុកនៅភាគខាងជើងហ្កាហ្សា បានលើកឡើងក្នុងសប្ដាហ៍នេះថា តម្រូវការជាមូលដ្ឋាននៅដែនដីហ្កាហ្សា កំពុងជិតអស់ហើយ រយៈពេលច្រើនថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានរារាំងទំនិញ និងជំនួយមនុស្សធម៌ទាំងអស់មិនឱ្យចូលទៅហ្កាហ្សា ខណៈកិច្ចព្រមព្រៀងបទឈប់បាញ់កំពុងស្ថិតក្នុងភាពជាប់គាំង។
បន្ទាប់ពីដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត បានផ្តល់ជំនួយជាសម្ភារៈដល់ប្រជាជនហ្កាហ្សាជាង ៩០% ក្នុងពេលត្រឹមតែជាងមួយខែប៉ុណ្ណោះ ដោយធ្វើអោយប្រសើរឡើងបន្តិចនូវសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព។
យ៉ាងណាមិញ ការបិទច្រកព្រំដែនរបស់អ៊ីស្រាអែល បាននាំឱ្យស្ថានភាពមនុស្សធម៌ដើរទៅមុខកាន់តែអាក្រក់ ខណៈកម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា ហាងនំប៉័ង និងស៊ុបនៅហ្កាហ្សា អាចនឹងត្រូវបង្ខំឱ្យបិទក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ប្រសិនបើជំនួយបន្ថែមទៀតមិនទៅដល់ដែនដីប៉ាឡេស្ទីនទេនោះ៕


