ប្រជាជនរាប់ពាន់នាក់នៅប្រទេសស៊ែរប៊ី បានបន្តចេញតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍ (០៨ មីនា) ដោយមានបុគ្គលិកមកពីផ្នែកផ្សេងៗទៀតបានចូលរួមជាមួយនិស្សិតតវ៉ា នៅក្នុងបាតុកម្មមួយក្នុងចំណោមបាតុកម្មជាទៀងទាត់របស់ពួកគេ ជុំវិញគ្រោះថ្នាក់បាក់ដំបូលស្ថានីយរថភ្លើងដ៏ចម្រូងចម្រាស។
ក្រុមបាតុករបានដើរកាត់រដ្ឋធានីប៊ែលក្រាដ ដោយនាំទៅដល់ប្រមូលផ្តុំគ្នានៅទីលានចតុរង្គមួយ ក្នុងការបង្ហាញការមិនពេញចិត្តនឹងរដ្ឋាភិបាល។ ការតវ៉ា ដែលដឹកនាំដោយនិស្សិតនេះ ជាទៀងទាត់ត្រូវបានធ្វើឡើងនៅក្នុងប្រទេសស៊ែរប៊ី ចាប់តាំងពីខែវិច្ឆិកាមក នៅពេលមនុស្ស ១៥នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាក់ដំបូលស្ថានីយ៍រថភ្លើងក្នុងទីក្រុង Novi Sad ភាគខាងជើង។
ជនជាតិស៊ែរប៊ីជាច្រើនបានចាត់ទុកគ្រោះមហន្តរាយនេះថាជាការរីករាលដាលនៃអំពើពុករលួយ ដែលពួកគេចោទថាផ្សារភ្ជាប់ទៅនឹងការដឹកនាំរបស់លោកប្រធានាធិបតី Aleksandar Vucic និងគណបក្ស ស៊ែរប៊ីជឿនលឿន (SNS) ដែលកំពុងកាន់អំណាចរបស់លោក។
បាតុកម្មនោះក៏បានចោទប្រកាន់លោក Vucic និងបក្ស SNS អំពីទំនាក់ទំនងជាមួយនឹងឧក្រិដ្ឋកម្មអង្គការចាត់តាំង ដោយរារាំងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងអំពើហិង្សាប្រឆាំងនឹងគូប្រជែងនយោបាយ ប៉ុន្តែលោក Vucic និងសម្ព័ន្ធមិត្តរបស់លោកបដិសេធរឿងនោះ។ រដ្ឋាភិបាលនិយាយថា ខ្លួនបានចាប់ផ្តើមការប្រឆាំងអំពើពុករលួយជាច្រើនរួចមកហើយបន្ទាប់ពីគ្រោះថ្នាក់នោះ ដោយចាប់ខ្លួនមនុស្សរាប់សិបនាក់ពីបទពុករលួយ៕


