អង្គការឃ្លាំមើលសង្គ្រាមបាននិយាយថា មនុស្សជាង ១.០០០នាក់ រួមទាំងជនស៊ីវិលចំនួន ៧៤៥នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាត្រឹមតែពីរថ្ងៃប៉ុណ្ណោះរវាងកងកម្លាំងសន្តិសុខស៊ីរី និងអ្នកប្រយុទ្ធដែលស្មោះត្រង់នឹងអតីតរបបលោក Bashar al-Assad និងបន្តការសម្លាប់សងសឹកក ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតមួយនៅស៊ីរី ចាប់តាំងពីឆ្នាំ២០១១ មក។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាននៅចក្រភពអង់គ្លេស និយាយថា ជនស៊ីវិល ៧៤៥នាក់ត្រូវបានសម្លាប់ ភាគច្រើនជាទម្រង់នៃការប្រហារជីវិត ខណៈកងកម្លាំងសន្តិសុខស៊ីរី ១២៥នាក់ និងក្រុមអ្នកស្មោះត្រង់នឹងលោក Assad ចំនួន ១៤៨នាក់បានស្លាប់។ តួលេខអ្នកស្លាប់ពីការប្រយុទ្ធគ្នាពីរថ្ងៃនេះមានការប្រែប្រួលខ្លាំង ដោយមានការប៉ាន់ប្រមាណមួយចំនួនបានដាក់ចំនួនអ្នកស្លាប់ចុងក្រោយកើនឡើងខ្ពស់ជាងនេះ។
ការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីក្រុមយុទ្ធជនស្មោះត្រង់នឹងរបបលោក Assad បានវាយឆ្មក់កងកម្លាំងសន្តិសុខនៅទីក្រុង Jableh ក្នុងខេត្តឆ្នេរសមុទ្រ Latakia។ ការវាយប្រហារសម្របសម្រួលគ្នាយ៉ាងទូលំទូលាយនេះ គឺជាបញ្ហាប្រឈមធំបំផុតចំពោះអាជ្ញាធរអ៊ិស្លាមនិយមថ្មីរបស់ស៊ីរី រហូតមកដល់ពេលនេះ។
ដើម្បីកម្ទេចការបះបោរនេះ រដ្ឋាភិបាលស៊ីរីបានអំពាវនាវឱ្យពង្រឹងកម្លាំងឡើងវិញ ដោយយុទ្ធជនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតំបន់ឆ្នេរស៊ីរី ពីទូទាំងប្រទេស។ ទោះជាក្រុមយុទ្ធជនភាគច្រើនស្ថិតក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលស៊ីរីថ្មីក៏ដោយ ក៏កងជីវពលនៅតែបន្តកើតមាន ដែលមួយចំនួនជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្សកន្លងមក និងភាពគ្មានសណ្ដាប់ធ្នាប់ទូទាំងប្រទេស៕

