អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ (០៨ មីនា) ថា ទីក្រុងកំពង់ផែ Bahia Blanca របស់ប្រទេសអាហ្សង់ទីន ត្រូវបាន "បំផ្លាញដោយទឹកជំនន់" បន្ទាប់ពីកម្រិតទឹកភ្លៀងពេញមួយឆ្នាំ បានធ្លាក់ចុះក្នុងពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៣នាក់ និងបំផ្លិចបំផ្លាញលំនៅឋានរបស់អ្នកស្រុក។
ក្មេងស្រីពីរនាក់- អាយុ ៤ឆ្នាំនិង ១ឆ្នាំ - ត្រូវរាយការណ៍បានបាត់ខ្លួន ដោយសង្ស័យថាត្រូវទឹកជំនន់ហូរនាំទៅ បន្ទាប់ពីព្យុះកាលពីថ្ងៃ០៧ មីនា។
គ្រោះមហន្តរាយនេះបានធ្វើឱ្យមន្ទីរពេទ្យស្ថិតនៅក្រោមទឹក ប្រែក្លាយតំបន់លំនៅឋានទៅជាប្រជុំកោះ និងកាត់ផ្តាច់ចរន្តអគ្គិសនីទៅកាន់តំបន់នានានៃទីក្រុង។ រដ្ឋមន្ត្រីសន្តិសុខជាតិ លោកស្រី Patricia Bullrich បានប្រកាសថា ទីក្រុង Bahia Blanca ត្រូវបាន "បំផ្លិចបំផ្លាញ"។
ការិយាល័យរបស់អភិបាលក្រុងនិយាយថា ការស្លាប់ និងរបួសអាចកើនឡើងកាន់តែច្រើននៅក្នុងទីក្រុងមានអ្នកស្រុក ៣៥០.០០០នាក់នេះ ដែលមានទីតាំងនៅចម្ងាយ ៦០០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីប៊ុយណូស៊ែរ។
មន្រ្តីនិយាយថា ភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រ ០៧ មីនា បានទម្លាក់ទឹកភ្លៀងច្រើនជាង ៤០០មីលីម៉ែត្រនៅក្នុងតំបន់នេះ ក្នុងរយៈពេលត្រឹមតែ ៨ម៉ោងប៉ុណ្ណោះ ហើយនោះជាតួលេខទឹកភ្លៀងដែលក្រុង Bahia Blanca ទទួលបានក្នុងពេលមួយឆ្នាំ៕


