រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតសកលនៅខែធ្នូ ឆ្នាំ២០២៥ ឬអាចនៅខែមករា ឆ្នាំ២០២៦ ខាងមុខនេះ នេះបើតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសៅរ៍ (០៨ មីនា) ដោយដកស្រង់សម្តីរបស់ប្រមុខរបបសឹក ដែលបានផ្តល់ពេលវេលាជាក់លាក់ជាលើកដំបូងសម្រាប់ការស្ទង់មតិដែលបានសន្យាជាយូរមកហើយ នៅក្នុងប្រទេសហែកហួរដោយសង្រ្គាមមួយនេះ។
សហភាពមីយ៉ាន់ម៉ា ជួបចលាចលតាំងពីដើមឆ្នាំ២០២១មក នៅពេលដែលយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដឹកនាំដោយម្ចាស់រង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ុងសាន ស៊ូជី ដោយបង្កឱ្យមានចលនាតវ៉ា ដែលឈានទៅដល់ការបះបោរប្រដាប់អាវុធប្រឆាំងនឹងរបបសឹក នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
មេដឹកនាំរបបសឹក លោកឧត្តមសេនីយ Min Aung Hlaing បានប្តេជ្ញាថានឹងរៀបចំការបោះឆ្នោត ប៉ុន្តែរដ្ឋបាលរបស់លោកបានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នម្តងហើយម្តងទៀត បើទោះបីជាយោធាចាញ់ប្រៀបក្រុមប្រឆាំងរបបសឹកជាបន្តបន្ទាប់ក៏ដោយ។
កាសែតមីយ៉ាន់ម៉ា បានដកស្រង់សម្ដីលោក Min Aung Hlaing អំឡុងដំណើរទស្សនកិច្ចបេឡារុសថា "មីយ៉ាន់ម៉ាមានគម្រោងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងពេលឆាប់ៗនេះ ហើយមានបក្សនយោបាយចំនួន៥៥ បានចុះឈ្មោះចូលរួមបោះឆ្នោតរួចហើយ"។
ការបោះឆ្នោតនេះនាំមកនូវហានិភ័យនៃអំពើហឹង្សាបន្ថែមទៀតផងដែរ នៅពេលរបបសឹក និងគូប្រជែងរបស់ខ្លួន ជំរុញការគ្រប់គ្រងទឹកដីនានា ខណៈជម្លោះកាន់តែរីករាលដាល បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងធ្វើឱ្យមនុស្សជាង ៣,៥លាននាក់ ត្រូវភៀសខ្លួន៕


