ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចឈានមុខទាំងពីរនឹងកើនឡើងនៅថ្ងៃចន្ទ ១០មីនានេះ ខណៈទីក្រុងប៉េកាំងចាប់ផ្តើមដំឡើងពន្ធលើទំនិញកសិកម្មមួយចំនួនរបស់សហរដ្ឋអាមេរិកក្នុងការសងសឹកចំពោះការដំឡើងពន្ធចុងក្រោយរបស់ប្រធានាធិបតី Donald Trump លើការនាំចូលរបស់ចិន។

ចាប់តាំងពីការឡើងកាន់តំណែងក្នុងខែមករា លោក Trump បានបញ្ចេញរបាំងពន្ធលើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក រួមទាំងប្រទេសចិន កាណាដា និងម៉ិកស៊ិក ដោយលើកឡើងពីការបរាជ័យរបស់ប្រទេសទាំងនោះក្នុងការបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងលំហូរនៃសារធាតុ ញៀន ហ្វង់តានីល (fentanyl) ។
បន្ទាប់ពីការដំឡើងពន្ធលើទំនិញចិនចំនួន ១០ភាគរយកាលពីដើមខែកុម្ភៈ លោក Trump បានដំឡើងអត្រាពន្ធដល់២០ ភាគរយកាលពីសប្តាហ៍មុន។

ទីក្រុងប៉េកាំងបានប្រតិកម្មយ៉ាងឆាប់រហ័ស ដោយក្រសួងហិរញ្ញវត្ថុរបស់ខ្លួន បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងបានប្រកាសវិធានការថ្មីៗរបស់ខ្លួន។
ចំណាត់ការនេះនឹងមើលឃើញការដំឡើងពន្ធថ្មីចំនួន ១០ ភាគរយ និង ១៥ ភាគរយ ត្រូវបានដាក់លើផលិតផលកសិកម្មមួយចំនួនរបស់សហរដ្ឋអាមេរិក ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះទៅ។
សាច់មាន់ ស្រូវសាលី ពោត និងកប្បាស ពីសហរដ្ឋអាមេរិកឥឡូវនេះនឹងត្រូវដំឡើងថ្លៃខ្ពស់ជាងមុន ខណៈសណ្តែកសៀង ស្រូវសាលី សាច់ជ្រូក សាច់គោ ផលិតផលក្នុងទឹក ផ្លែឈើ បន្លែ និងទឹកដោះគោនឹងប្រឈមនឹងអត្រាទាបជាងបន្តិច៕