ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ (១០ មីនា) នេះថា ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំងៗថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជា "ទង្វើបង្កហេតុដ៏គ្រោះថ្នាក់"។

គួរឱ្យដឹងថា សមយុទ្ធយោធាប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ឈ្មោះថា ខែលសេរីភាព (Freedom Shield) នឹងចាប់ផ្តើមនៅថ្ងៃចន្ទនេះ ហើយដំណើរការរហូតដល់ថ្ងៃទី២០ ខែមីនា។

យោធាកូរ៉េខាងត្បូងបាននិយាយនៅមុននេះបន្តិចថា ការហ្វឹកហ្វឺននោះមានបំណងពង្រឹងការត្រៀមខ្លួនរវាងសម្ព័ន្ធមិត្ត ដើម្បីទប់ទល់ការគំរាមកំហែងនានា ដូចជាកូរ៉េខាងជើងជាដើម។ ទីក្រុងព្យុងយ៉ាង តាមទម្លាប់បានអំពាវនាវឱ្យផ្អាកសមយុទ្ធនោះ ដោយចាត់ទុកសកម្មភាពយោធានេះថាជាទង្វើនាំទៅរកការឈ្លានពាន។

ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា "សមយុទ្ធនេះគឺជាទង្វើបង្កហេតុដ៏គ្រោះថ្នាក់នៃដឹកនាំស្ថានការណ៍ទៅរកភាពស្រួចស្រាវនៅលើឧបទ្វីបកូរ៉េ ដែលអាចបង្កឱ្យមានជម្លោះពេញទំហឹងរវាងភាគីទាំងពីរ ព្រោះតែការបាញ់ប្រហារដោយចៃដន្យណាមួយ" ដោយបន្ថែមថា "លំហាត់សមយោធានោះនឹងមានតែបង្កផលប៉ះពាល់ដល់សន្តិសុខរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ"៕
