លោកប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelenskyy បាននិយាយនៅពេលលោកបានតែងតាំងគណៈប្រតិភូជាន់ខ្ពស់មួយរូប ដើម្បីចូលរួមកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងសប្តាហ៍នេះថា ប្រទេសអ៊ុយក្រែន មានការប្ដេជ្ញាចិត្តពេញទំហឹងដើម្បីស្វែងរកការពិភាក្សាបន្ថែមទៀតជាមួយក្រុមមន្ត្រីតំណាងរបស់សហរដ្ឋអាមេរិកលើវិធីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ។

បន្ទាប់ពីការឈ្លោះប្រកែកគ្នារវាងលោក Zelenskyy ប្រធានាធិបតីអាមេរិក Donald Trump និងអនុប្រធានាធិបតីអាមេរិក JD Vance នៅសេតវិមានកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថាខ្លួនកំពុងផ្អាកការផ្តល់ជំនួយផ្នែកយោធា និងការចែករំលែកព័ត៌មានចារកម្មដល់អ៊ុយក្រែន ដែលនៅតែបន្តមកដល់ពេលនេះ និងក្រោយការកើនឡើងនៃការវាយលុករបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

លោក Zelenskyy បានថ្កោលទោសការវាយប្រហារដ៏សាហាវ លើភាគខាងកើតអ៊ុយក្រែនដោយនិយាយថាបង្ហាញថា រុស្ស៊ីមិនដូចអ៊ុយក្រែនទេ ដែលមិនគិតពីរបៀបបញ្ចប់សង្រ្គាម ។
លោក Zelenskyy បានសរសេរនៅលើបណ្ដាញសង្គម X ថា អ៊ុយក្រែនបានស្វែងរកសន្តិភាពតាំងពីវិនាទីដំបូងនៃសង្រ្គាមនេះ។ សំណើនានាគឺនៅលើតុ។

គណៈប្រតិភូរបស់លោក Zelenskyy បានប្រកាសសម្រាប់កិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត រួមមានតំណាងការទូត និងយោធា រួមទាំងប្រធានបុគ្គលិករបស់លោកគឺលោក Andriy Yermak រដ្ឋមន្ត្រីការបរទេសលោក Andriy Sybiha និងរដ្ឋមន្ត្រីការពារជាតិលោក Rustem Umerov ។
គណៈប្រតិភូគ្រោង នឹងជួបជាមួយក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងគោលបំណងជួសជុលទំនាក់ទំនងជាមួយរដ្ឋបាលលោក Trump៕