ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (០៩ មីនា) ថា រដ្ឋបាលរបស់លោកកំពុងទាក់ទងជាមួយក្រុមបួនផ្សេងគ្នា អំពីការលក់ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលគ្រប់គ្រងដោយចិន ហើយជម្រើសទាំងអស់គឺសុទ្ធតែល្អ។

ជោគវាសនារបស់កម្មវិធីវីដេអូខ្លី TikTok បានជួបរឿងស្រពេចស្រពិល ចាប់តាំងពីច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេ ByteDance លក់អេបនេះដោយសារកង្វល់សន្តិសុខជាតិ បើមិនដូច្នោះនឹងត្រូវប្រឈមការហាមឃាត់ ដែលបានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា។ លោក Trump បន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានចុះហត្ថលេខាលើក្រឹត្យពន្យារពេល ៧៥ថ្ងៃនៃការអនុវត្តបម្រាម TikTok នេះ។

នៅពេលត្រូវសាកសួរថាតើនឹងមានកិច្ចព្រមព្រៀងលើ TikTok ក្នុងពេលឆាប់ៗនេះឬទេ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា "រឿងនេះអាចទៅរួច"។ លោកបន្ថែមថា "ក្រុមការងារលោកកំពុងពិភាក្សាជាមួយក្រុមបួនផ្សេងគ្នា ហើយជម្រើសទាំងនោះគឺសុទ្ធតែល្អ"។

ភាពចលាចលរបស់ TikTok បានទាក់ទាញអ្នកទិញដ៏មានសក្តានុពលជាច្រើន រួមទាំងអតីតម្ចាស់សម្ព័ន្ធកីឡា Los Angeles Dodgers ដ៏ល្បីគឺលោក Frank McCourt ដែលបានបង្ហាញពីចំណាប់អារម្មណ៍លើអាជីវកម្មបណ្ដាញសង្គមដែលរីកចម្រើនយ៉ាងឆាប់រហ័សនេះ ខណៈអ្នកវិភាគ បានប៉ាន់ប្រមាណថាអាចមានតម្លៃដល់ទៅ ៥០ពាន់លានដុល្លារ៕