ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិក គ្រោងនឹងប្រើប្រាស់កិច្ចប្រជុំនៅថ្ងៃអង្គារ (១១ មីនា) ស្អែកនេះ ជាមួយគណៈប្រតិភូអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាផ្នែកមួយដើម្បីកំណត់ជំហរសន្តិភាពរបស់ទីក្រុងគីវ ហើយនិងវាយតម្លៃថា តើអ៊ុយក្រែន មានឆន្ទៈធ្វើសម្បទានដល់រុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែរឬទេ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីអាមេរិកពីររូប។

មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះនោះបន្តថា គណៈប្រតិភូអាមេរិក ក៏នឹងកំពុងតាមដានសញ្ញាដែលបង្ហាញថា ភាគីអ៊ុយក្រែនមានភាពម៉ឺងម៉ាត់ក្នុងការកែលម្អទំនាក់ទំនងជាមួយរដ្ឋបាលលោកប្រធានាធិបតី Donald Trump ឬយ៉ាងណា បន្ទាប់ពីការឈ្លោះប្រកែកគ្នាយ៉ាងតានតឹងរវាងលោក Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីខែមុន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចេញកាន់ទីក្រុង Jeddah នៅថ្ងៃអាទិត្យ ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីអ៊ុយក្រែនដឹកនាំដោយលោក Andriy Yermak ដែលជាមន្រ្តីជំនិតរបស់លោក Zelenskiy។ លោក Rubio ត្រូវបានរំពឹងថា នឹងអមដំណើរដោយទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz និងបេសកជនមជ្ឈិមបូព៌ារបស់លោក Trump គឺលោក Steve Witkoff។

លោក Trump បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចពិភាក្សានេះ ដោយបានប្រាប់អ្នកយកព័ត៌មានថា "អាមេរិក នឹងបង្កើតវឌ្ឍនភាពយ៉ាងច្រើនក្នុងកិច្ចប្រជុំជាមួយអ៊ុយក្រែន នៅសប្តាហ៍នេះ"៕