ប្រធានការិយាល័យរដ្ឋអាជ្ញា បាននិយាយនៅថ្ងៃចន្ទ (១០ មីនា) នេះថា ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង នឹងបន្តការកាត់ទោសលោកប្រធានាធិបតី Yoon Suk Yeol សម្រាប់បទចោទបះបោរ បើទោះបីជាសេចក្ដីសម្រេចរបស់តុលាការ បានបញ្ជាឱ្យដោះលែងមេដឹកនាំដែលរងការចោទប្រកាន់ទម្លាក់តំណែងរូបនេះ ចេញពីពន្ធនាគារក៏ដោយ។

ប្រធានរដ្ឋអាជ្ញា លោក Shim Woo-jung បានលើកឡើងថា លោកគោរពសេចក្តីសម្រេចរបស់តុលាការកាលពីចុងសប្តាហ៍ ប៉ុន្តែមិនយល់ស្របនឹងការវាយតម្លៃរបស់តុលាការនោះទេ។ គួរឱ្យដឹងថា តុលារការកូរ៉េខាងត្បូង បានវាយតម្លៃថា ការប្តឹងផ្តល់នោះគឺហួសពេលកំណត់នៃភាពស្របច្បាប់ ដែលបានធ្វើឱ្យការឃុំខ្លួនរបស់លោក Yoon ក្នុងពេលកំពុងជំនុំជម្រះ ក្លាយជារឿងខុសច្បាប់ ដូច្នេះទើបសម្រេចលុបចោលដីកាឃុំខ្លួនរបស់លោក។

នៅពេលត្រូវសាកសួរថា តើសេចក្តីសម្រេចរបស់តុលាការនោះមានន័យថារឿងក្តីនេះអាចត្រូវទម្លាក់ចោលឬទេ លោក Shim បានប្រាប់អ្នកយកព័ត៌មានថា "តំណាងអយ្យការត្រូវបានបញ្ជាឱ្យធ្វើអំណះអំណាងលើវិវាទផ្សេងៗក្នុងអំឡុងពេលសវនាការ ហើយរដ្ឋអាជ្ញានឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចទៅរួចដើម្បីបន្តសំណុំរឿងនេះ"។

លោក Yoon បានស្ថិតក្រោមដំណើរការកាត់ក្ដីព្រហ្មទណ្ឌតាំងតែពីថ្ងៃទី២០ ខែកុម្ភៈ មក លើបទចោទថា លោកដឹកនាំការបះបោរដោយសារការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីនៅថ្ងៃទី០៣ ខែធ្នូ។ មេធាវីរបស់លោកបានដាក់សំណើលុបចោលការឃុំខ្លួននេះ ហើយនិយាយថា សេចក្តីសម្រេចរបស់តុលាការបង្ហាញថា បណ្ដឹងប្រឆាំងនឹងលោក Yoon មានតែហេតុផលនយោបាយប៉ុណ្ណោះ និងពុំមានហេតុផលផ្លូវច្បាប់ទេ៕