អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បានមើលឃើញកំណើនសកម្មភាពយោធារបស់ប្រទេសចិន នៅក្បែរកោះ ដោយរាយការណ៍ថា យន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន PLA ចំនួន ១១គ្រឿង និងនាវារបស់កងទ័ពជើងទឹកចិនចំនួន ៩គ្រឿង មានវត្តមានជុំវិញកោះ រហូតដល់ម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃចន្ទ (១០ មីនា) នេះ។

អាជ្ញាធរតៃវ៉ាន់ បន្តថា យន្តហោះ៩ ក្នុងចំណោម ១១គ្រឿងនោះ បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរវាងភាគីទាំងពីរ ហើយចូលទៅក្នុងតំបន់ភាគខាងជើង និងនិរតីរបស់កោះតៃវ៉ាន់។ កាលពីព្រឹកថ្ងៃអាទិត្យ អាជ្ញាធរតៃវ៉ាន់ ក៏បានប្រទះឃើញយន្តហោះ ៩គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន និងនាវាកងទ័ពជើងទឹក ៧គ្រឿង រួមទាំងបាឡុងចិន ២គ្រឿងផងដែរ។

សកម្មភាពនេះបានកើតឡើងតាមគំរូនៃកំណើនសមយុទ្ធនាពេលថ្មីៗដោយប្រទេសចិន ជុំវិញកោះតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង នៅតែបន្តអះអាងសិទ្ធលើតំបន់ស្វ័យគ្រប់គ្រងមួយនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍កាលថ្ងៃអាទិត្យ (០៩ មីនា) ថា យោធាចិន បានប្ដេជ្ញាថា ខ្លួននឹងរឹតបន្តឹង "ស្ថានភាពលំបាក" ឱ្យកាន់តែខ្លាំងឡើងជុំវិញកោះតៃវ៉ាន់ ប្រសិនបើគំនិតផ្ដាច់ខ្លួននិយមនៅលើកោះនេះបន្តកើនឡើង ដោយព្រមានអ្នកគាំទ្រគំនិតទាំងនោះឱ្យដើរថយក្រោយពី "មាត់ជ្រោះ" បើមិនដូច្នេះទេនឹងប្រឈមមុខនឹង "ទីបញ្ចប់" យ៉ាងគ្រោះថ្នាក់៕