ភ្លៀងធ្លាក់យ៉ាងគំហុកពីសំណល់នៃព្យុះស៊ីក្លូន Alfred បានជន់លិចតំបន់ឆ្នេរភាគខាងកើតនៃប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទ ១០ មីនាសប្ដាហ៍នេះ ខណៈក្រុមបុគ្គលិកបានប្រឹងប្រែងស្តារថាមពលដល់ផ្ទះ និងហាងអាជីវកម្មជាង២សែនខ្នង ទន្ទឹមនឹងមនុស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់។

ទោះបីជាប្រព័ន្ធអាកាសធាតុចុះខ្សោយក៏ដោយ ក្រុមអាជ្ញាធរបានចេញការព្រមានអំពីទឹកជំនន់ ព្រមទាំងអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងឆ្នេរសមុទ្រប្រវែង ៤០០ គីឡូម៉ែត្រដែលជាប់នឹងរដ្ឋ Queensland និង New South Wales ។
ការិយាល័យឧតុនិយមបាននិយាយថា វិសម្ពាធព្យុះត្រូពិកបានទម្លាក់ភ្លៀង ៣០ សង់ទីម៉ែត្រក្នុងរយៈពេល២៤ ម៉ោងលើទីក្រុង Brisbane នៃរដ្ឋ Queensland ។

ទឹកជំនន់បានជន់លិចផ្លូវមួយចំនួនក្នុងទីក្រុងមានប្រជាជន២,៥ លាននាក់ ដោយបានបណ្ដាលឲ្យរថយន្តមួយចំនួនជាប់គាំងក្នុងតំបន់ដែលរងការជន់លិច និងរងផលប៉ះពាល់ខ្លាំងជាងគេ។

លោក David Crisafulli នាយករដ្ឋមន្ត្រីប្រចាំរដ្ឋ បាននិយាយថា សេវាសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្ស១៧នាក់ ពីទឹកហូរកួចមានល្បឿនលឿនក្នុងរដ្ឋ Queensland នៅពេលយប់ជ្រៅ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា ជំនន់ទឹកភ្លៀងកំពុងនាំឲ្យមានទឹកជំនន់ដ៏គំហុកក៏ដូចជាទឹកជំនន់នៅតាមទន្លេផ្សេងៗ នៃភាគអាគ្នេយ៍។
លោកថា អាជ្ញាធរកំពុងជំរុញឲ្យប្រជាជនរក្សាទំនាក់ទំនង ដោយមានការរំពឹងទុកថានឹងមានទឹកជំនន់កាន់តែធ្ងន់ធ្ងរថែមទៀត៕