ប្រជាជនស៊ីរី បានចេញតវ៉ានៅក្នុងរដ្ឋធានីដាម៉ាស(Damascus) កាលពីថ្ងៃអាទិត្យ ដោយទាមទារឱ្យបញ្ចប់ការផ្ទុះឡើងអំពើហិង្សាដ៏បង្ហូរឈាមដែលបានសម្លាប់ជនស៊ីវិលច្រើននាក់។ វាបានកើតឡើងនៅពេលដែលការប៉ះទង្គិចគ្នានៅតែបន្តសម្រាប់ថ្ងៃទី៤ រវាងក្រុមអ្នកស្មោះត្រង់នឹងប្រធានាធិបតី លោក Bashar al-Assad ដែលត្រូវបានគេបណ្តេញចេញ និងកងកម្លាំងគាំទ្រមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី។

ប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរី លោក Ahmed Shara បានព្យាយាមទប់ស្កាត់អំពើហិង្សាកាលពីថ្ងៃអាទិត្យ ខណៈលោកបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់នៅខាងក្រៅវិហារអ៊ីស្លាមមួយកន្លែងក្នុងទីក្រុងដាម៉ាស(Damascus)។ លោកបានជំរុញប្រជាជនស៊ីរី កុំឱ្យបង្កភាពតានតឹងផ្នែកនិកាយ ដែលបន្តធ្វើឱ្យប្រទេសមានអស្ថិរភាព។

ទន្ទឹមនឹងនេះ មនុស្សជាច្រើនបានកាន់ទុក្ខកាលពីថ្ងៃអាទិត្យនៅក្នុងពិធីបុណ្យសពរបស់និស្សិតម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងខេត្ត Latakia ជាតំបន់សំខាន់មួយនៃការប្រយុទ្ធគ្នា។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា មនុស្សជាង១.០០០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ក្នុងអំពើហិង្សា។
អ្នកគាំទ្រប្រដាប់អាវុធរាប់ពាន់នាក់នៃមេដឹកនាំថ្មី បានបង្ហាញខ្លួននៅទូទាំងប្រទេសដើម្បីគាំទ្រកងទ័ពស៊ីរី មុនពេលការប្រយុទ្ធគ្នា ឈានដល់ការសម្លាប់សងសឹក។
កាលពីថ្ងៃអាទិត្យ ការិយាល័យរបស់លោក Sharaa បាននិយាយថា ខ្លួនកំពុងបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតការប៉ះទង្គិច និងការសម្លាប់ដោយភាគីទាំងពីរ ហើយអ្នកដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលគ្មានអាវុធ នឹងត្រូវនាំមកឲ្យទទួលខុសត្រូវ។