សហជីពពាណិជ្ជកម្មអាល្លឺម៉ង់ Verdi បានអំពាវនាវឱ្យមានការធ្វើកូដកម្មដោយពុំបានប្រកាស នៅអាកាសយានដ្ឋាន Hamburg កាលពីថ្ងៃអាទិត្យ ទី៩ ខែមីនា នៅពេលចាប់ផ្តើមរដូវវិស្សមកាល។

អាកាសយានដ្ឋាន Hamburg បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមការមកដល់១៤៤ជើង និងចេញដំណើរ១៣៩ជើង តាមការគ្រោងទុក ដែលមានអ្នកដំណើរច្រើនជាង៤០.០០០នាក់ មានតែប្រហែល១០ជើងប៉ុណ្ណោះអាចដំណើការបាននៅពេលព្រឹកព្រលឹម មុនពេលអាកាសយានដ្ឋានត្រូវបានបិទនៅម៉ោង៦:៣០នាទីព្រឹក ហើយជើងហោះហើរដែលនៅសល់ ត្រូវបានលុបចោល។

អ្នកនាំពាក្យអាកាសយានដ្ឋាន Hamburg បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Reuters ថា «ការធ្វើកូដកម្មដែលមិនបានប្រកាសបែបនេះ គឺតែងតែមានផលប៉ះពាល់ខ្លាំងជាពិសេសសម្រាប់អ្នកធ្វើដំណើរ ព្រោះពួកគេមកដល់អាកាសយានដ្ឋាន ពួកគេសប្បាយចិត្ត ពួកគេនៅទីនេះរួចហើយ» ហើយអាកាសយានដ្ឋានត្រូវបានរងផលប៉ះពាល់នៅពេលចាប់ផ្តើមថ្ងៃឈប់សម្រាកនិទាឃរដូវ ។
អ្នកដំណើរ ម្នាក់និយាយ ជាអ្នកដែលបានមកដល់អាកាសយានដ្ឋានជាមួយក្រុមគ្រួសាររួចហើយនៅម៉ោង ៤:៣០ព្រឹកដើម្បីជិះយន្តហោះទៅកាន់ទីក្រុង Gran Canaria ថា «ព្រឹកនេះយើងនៅតែមានការរំពឹងទុក»។ ប៉ុន្តែជាអកុសល ពេលនេះ យើងជាប់គាំងនៅទីនេះ ហើយមិនដឹងថាត្រូវធ្វើអ្វីនោះទេ។
អ្នកដំណើរជាងកន្លះលាននាក់ រងផលប៉ះពាល់ដោយសារកូដកម្មនេះ ហើយជើងហោះហើររាប់ពាន់ត្រូវបានលុបចោល ដោយសារការធ្វើកូដកម្មរយៈពេល២៤ម៉ោងនៅអាកាសយានដ្ឋានធំៗរបស់អាល្លឺម៉ង់ បន្ទាប់ពីសហជីពពាណិជ្ជកម្ម Verdi បានអំពាវនាវឱ្យបុគ្គលិកនៅក្នុងវិស័យសាធារណៈ ធ្វើកូដកម្ម។