ជនអន្តោប្រវេសន៍មួយក្រុម ដែលត្រូវបានបញ្ជូនទៅកាន់ទីជម្រកក្នុងតំបន់ព្រៃ Darien ប្រទេសប៉ាណាម៉ា បន្ទាប់ពីត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ត្រូវបានដោះលែង ហើយបានធ្វើដំណើរតាមរថយន្តក្រុងទៅកាន់រដ្ឋធានីប្រទេសប៉ាណាម៉ា។ ជនអន្តោប្រវេសន៍មកពីប្រទេសជាច្រើន រួមមាន អាហ្វហ្គានីស្ថាន ចិន អ៊ីរ៉ង់ និងរុស្ស៊ី បានអង្គុយរង់ចាំនៅស្ថានីយ៍រថយន្តក្រុងដោយមានរបស់របរជាច្រើន។

ជនអន្តោប្រវេសន៍មកពីប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ស្ថានភាពនៅក្នុងទីជម្រកគឺពិបាកខ្លាំង ហើយអ្នកនិរទេស មិនអាចនិយាយទៅកាន់ក្រុមគ្រួសារ ឬមេធាវីរបស់ពួកគេបានឡើយ។ កាលពីពាក់កណ្តាលខែកុម្ភៈ ក្រុមជនអន្តោប្រវេសន៍ចំនួន២៩៩នាក់ មកពីប្រទេសផ្សេងៗគ្នា ត្រូវបានបញ្ជូនទៅកាន់តំបន់ព្រៃ Darien ជាតំបន់ព្រៃដ៏គ្រោះថ្នាក់នៅជិតព្រំដែនប្រទេសកូឡុំប៊ី និងជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ជាច្រើន ដែលឆ្លងកាត់ពីអាមេរិកខាងត្បូងដោយ។ កាលពីពេលមុន ពួកគេបាននៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុងរបស់ប្រទេសប៉ាណាម៉ា ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចាកចេញទេ។ មន្ត្រីប្រទេសប៉ាណាម៉ា បានប្រកាសកាលពីថ្ងៃសុក្រ ទី៧ ខែមីនាថា ខ្លួននឹងចេញការអនុញ្ញាតបណ្តោះអាសន្នសម្រាប់ជនអន្តោប្រវេសន៍មួយចំនួន ដោយឱ្យពួកគេស្នាក់នៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះរហូតដល់៩០ថ្ងៃ ប្រសិនបើពួកគេមិនចង់ត្រឡប់ទៅប្រទេសកំណើតវិញ សម្រាប់ហេតុផលសន្តិសុខ។

ប្រទេសប៉ាណាម៉ា មានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដែលខ្លួនទទួលយកជនអន្តោប្រវេសន៍ក្នុងនាមជាប្រទេសទីបី ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ហើយក្រោយមកទទួលខុសត្រូវចំពោះការធ្វើមាតុភូមិនិវត្តន៍ ឬការតាំងទីលំនៅថ្មី។ នេះគឺជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋបាលសហរដ្ឋអាមេរិក ក្នុងការបង្កើនការនិរទេសជនអន្តោប្រវេសន៍។