រដ្ឋមមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ថា រដ្ឋាភិបាលនឹងចាប់ផ្តើមដំឡើងពន្ធ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម នៅថ្ងៃពុធ ខណៈត្រូវបានប្រកាសដោយប្រធានាធិបតី លោក Donald Trump កាលពីខែមុន។ លោក Howard Lutnick បាននិយាយដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ NBC News កាលពីថ្ងៃអាទិត្យ។

លោករដ្ឋមន្ត្រី បានពន្យល់អំពីផែនការរបស់លោក Trump ក្នុងការធ្វើឲ្យត្រូវគ្នាអត្រាដំឡើងពន្ធលើផលិតផលទឹកដោះគោ និងឈើ របស់ប្រទេសកាណាដា ជាមួយនឹងការដំឡើងពន្ធដែលដាក់ដោយ ទីក្រុង Ottawa លើទំនិញរបស់សហរដ្ឋអាមេរិក ដែលមានប្រភេទដូចគ្នា។ លោក Trump បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា លោកនឹង «រង់ចាំរហូតដល់ថ្ងៃច័ន្ទ ឬថ្ងៃអង្គារ» ដើម្បីដាក់ការដំឡើងពន្ធទៅវិញទៅមក។

លោក Lutnick និយាយថា ការដំឡើងពន្ធនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែមេសា។ លោកបានចាត់ទុកពន្ធរបស់កាណាដាលើផលិតផលទឹកដោះគោរបស់សហរដ្ឋអាមេរិកថា «ហួសហេតុ» ដោយនិយាយថាលោកប្រធានាធិបតីនឹងឆ្លើយតប ប៉ុន្តែបានយល់ព្រម មិនទាន់ធ្វើដូច្នេះ រហូតដល់ថ្ងៃនោះ។
លោក Trump បាននិយាយនៅក្នុងសុន្ទរកថារបស់លោកទៅកាន់សម័យប្រជុំរួមរបស់សភា កាលពីសប្តាហ៍មុនថា ការដំឡើងពន្ធទៅវិញទៅមកលើដៃគូពាណិជ្ជកម្មរបស់ប្រទេសលោក នឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែមេសា។ លោក Lutnick បានការពារគោលនយោបាយដំឡើងពន្ធរបស់រដ្ឋបាល លោក Trump ដោយ លោក បាននិយាយថា «ផលិតផលមួយចំនួនដែលត្រូវបានផលិតពីបរទេស អាចមានតម្លៃថ្លៃជាង ប៉ុន្តែផលិតផលអាមេរិក នឹងមានតម្លៃកាន់តែទាប»។