ប្រទេសចិន កំពុងបង្កើតវឌ្ឍនភាពយ៉ាងខ្លាំងក្លាលើបច្ចេកវិទ្យាអវកាសទំនើបដ៏មានសក្តានុពល ដែលអាច "ផ្លាស់ប្ដូរស្ថានការណ៍" ដោយជំរុញឱ្យអាមេរិក បារម្ភថា គម្លាតបច្ចេកវិទ្យារវាងភាគីទាំងពីរកំពុងរួមតូច នេះបើយោងតាមការលើកឡើងរបស់មន្ត្រីកងកម្លាំងអវកាសអាមេរិក។ ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីមានការបាញ់បង្ហោះផ្កាយរណប Shijian-25 របស់ចិន ក្នុងខែមករា ក្នុងការសាកល្បងបច្ចេកវិទ្យាទំនើប ដែលអនុញ្ញាតឱ្យបំពេញឥន្ធនៈឡើងវិញនៅក្នុងគន្លងតារាវិថី និងពង្រីកអាយុកាលរបស់យានអវកាស នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

មានព័ត៌មានតិចតួចណាស់ពីបេសកកម្មនេះ ប៉ុន្តែលោក Ron Lerch អនុប្រធានប្រតិបត្តិការអវកាសអាមេរិកសម្រាប់ចារកម្មសម្ងាត់ បាននិយាយថា នេះជាលើកដំបូងហើយ ដែលចិន បង្ហាញជាសាធារណៈពីសមត្ថភាពដ៏ខ្លាំងក្លានៅលើគន្លង ក្នុងការចាក់ប្រេងឡើងវិញ និងធ្វើសេវាកម្មផ្សេងៗ ហើយនោះគឺជាបច្ចេកវិទ្យា ដែលអាច "ផ្លាស់ប្តូរស្ថានការណ៍" ដ៏អស្ចារ្យ។

ថ្លែងនៅឯស្ថាប័នស្រាវជ្រាវ Chatham House មានមូលដ្ឋាននៅទីក្រុងឡុងដ្រ៍ លោក Lerch បាននិយាយថា "នេះច្បាស់ណាស់ថា ចិនចង់មានសមត្ថភាពលើសពី ៣៦.០០០គីឡូម៉ែត្រ ពីលើផែនដី ហើយពួកគេកំពុងស្វះស្វែងយ៉ាងសកម្មនូវសមត្ថភាពដើម្បីសាកល្បងបេសកកម្មនេះ។

យានអវកាសខ្នាតយក្សរបស់អាមេរិក Northrop Grumman ក្លាយជាយានដំបូងគេដែលចាក់ឥន្ធនៈឡើងវិញឱ្យផ្កាយរណបលើគន្លង ដោយពង្រីកជីវិតប្រតិបត្តិការរបស់យានដល់ទៅ ៥ឆ្នាំនៅឆ្នាំ២០១៩។ អង្គការណាសា បាននិងកំពុងធ្វើការលើគម្រោងស្រដៀងគ្នានេះ ប៉ុន្តែត្រូវបានលុបចោលកាលពីឆ្នាំមុន ដោយសារបញ្ហាបច្ចេកទេស ការចំណាយច្រើនហួសប្រមាណ និងការពន្យារពេលកាលវិភាគ៕