ហ្វូងមនុស្សរាប់រយនាក់ បានសម្រុកតវ៉ានៅទីក្រុងដាម៉ាស របស់ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ (០៩ មីនា) ប្រឆាំងនឹងការសម្លាប់ជនស៊ីវិល និងដើម្បីថ្កោលទោសការប៉ះទង្គិចយ៉ាងហិង្សា ព្រមទាំងការបង្ហូរឈាមដែលកំពុងបន្ត នៅក្នុងទីក្រុងឆ្នេររបស់ស៊ីរី ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។

ក្រុមអ្នកតវ៉ាបានកាន់រូបភាពអ្នកស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតំបន់ Latakia, Tartus, Jableh ក៏ដូចជាទីក្រុង និងភូមិឆ្នេរសមុទ្រផ្សេងទៀត។ បាតុករម្នាក់និយាយថា ជនជាតិស៊ីរី ត្រូវបាន "ហាមឃាត់" មិនឱ្យកាប់សម្លាប់អ្នកដទៃ ហើយថា "ស៊ីរីសេរី" ចាំបាច់ត្រូវបង្កើតដោយក្រុមចម្រុះដែលធ្វើការជាមួយគ្នា។

ប្រភពសន្តិសុខស៊ីរីបាននិយាយថា សមាជិករបស់ពួកគេយ៉ាងហោចណាស់ ២០០នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយអតីតបុគ្គលិកកងទ័ព ដោយសារភក្តីភាពចំពោះរបបលោក Bashar al-Assad បន្ទាប់ពីការវាយប្រហារសម្របសម្រួល និងការវាយឆ្មក់លើកងកម្លាំងសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
ការវាយប្រហារបានធ្លាក់ទៅក្នុងវដ្តនៃការសម្លាប់សងសឹក នៅពេលក្រុមប្រដាប់អាវុធនៃមេដឹកនាំថ្មីរបស់ស៊ីរី បានចុះទៅកាន់តំបន់នោះ។ ការប៉ះទង្គិច ដែលក្រុមឃ្លាំមើលសង្គ្រាមនិយាយថាបានសម្លាប់មនុស្ស ១.០០០នាក់រួចទៅហើយដែលភាគច្រើនជាជនស៊ីវិលនេះ កំពុងតែបន្តអស់ជាច្រើនថ្ងៃ ដោយបង្កការភ័យខ្លាចនៃភាពតានតឹងកាន់តែទូលំទូលាយ៕