អាមេរិក៖ លោក Rob Malley ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងបទសម្ភាសន៍ដែលចេញផ្សាយកាលពីថ្ងៃពុធមុនការបន្តកិច្ចចរចានៅសប្ដាហ៍ក្រោយ ស្ដីពីការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញថា សហរដ្ឋអាមេរិកនឹងមិនឈរនៅស្ងៀមទេ ប្រសិនបើអ៊ីរ៉ង់ឈានជិតដល់ដំណាក់កាលផលិតបានអាវុធនុយក្លេអ៊ែរ។

លោកបានប្រាប់វិទ្យុសាធារណៈជាតិក្នុងបទសម្ភាសន៍មួយថា ប្រសិនបើពួកគេចាប់ផ្ដើមឈានកាន់តែជិតដល់នោះ ពិតណាស់យើងនឹងមិនអង្គុយស្ងៀមនោះទេ នេះបើយោងតាមការដកស្រង់ដែលចេញផ្សាយដោយទូរទស្សន៍អាមេរិក។ ការដកស្រង់នេះមិនបានបញ្ជាក់ពីអ្វីដែលលោកចង់និយាយដោយពាក្យថា ឈានចូលកាន់តែជិត ឬជម្រើសរបស់សហរដ្ឋអាមេរិកក្នុងករណីនោះ។ កិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់គ្រោងនឹងបន្តនៅទីក្រុងវីយែននៅថ្ងៃចន្ទ ទី២៩វិច្ឆិកា ជាមួយនឹងសមាជិកផ្សេងទៀតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រួមមានអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ីដែលបិទរវាងភាគីទាំងពីរ ដោយសារក្រុមមន្ត្រីអ៊ីរ៉ង់បដិសេធមិនជួបដោយផ្ទាល់ជាមួយសមភាគីអាមេរិករបស់ពួកគេ។
ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងព្យាយាមស្តារឡើងវិញនូវកិច្ចព្រមព្រៀង ដែលអ៊ីរ៉ង់បានយល់ព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប។ អ្នកកាន់តំណែងមុនរបស់លោក Biden គឺលោក Donald Trump បានបោះបង់ចោលកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិក ដែលជំរុញឱ្យអ៊ីរ៉ង់ចាប់ផ្ដើមរំលោភលើដែនកំណត់នុយក្លេអ៊ែររបស់ខ្លួន៕
អត្ថបទ៖ សុខមាន