ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផ្តល់ការព្យាករអាកាសធាតុ កំពុងរៀបចំផែនការមួយជុំទៀតនៃការបញ្ឈប់ការងាររបស់បុគ្គលិកជាង ១.០០០នាក់ ជាផ្នែកនៃផែនការរបស់លោកប្រធានាធិបតី Donald Trump ក្នុងការកាត់បន្ថយកម្លាំងពលកម្មរបស់មន្ត្រីរាជការ នេះបើតាមការលើកឡើងរបស់ប្រភពដែលដឹងពីផែនការកាលពីថ្ងៃអាទិត្យ (០៩ មីនា)។

ផែនការនេះដាក់គោលដៅលើបុគ្គលិកប្រមាណ ១.០២៩នាក់បន្ថែមទៀត នៅរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) បន្ទាប់ពីការបណ្ដេញពីការងារជុំទីមួយលើបុគ្គលិក ១.៣០០នាក់រួចទៅហើយរបស់ទីភ្នាក់ងារនេះ ដែលធ្វើការស្រាវជ្រាវលើអាកាសធាតុ និងកិច្ចការវិទ្យាសាស្ត្រផ្សេងទៀត។

ការបញ្ឈប់ការងារចំនួនពីរជុំ និងកម្មវិធីផ្ដល់សំណងឱ្យលាឈប់ពីការងារ នឹងកាត់បន្ថយកម្លាំងពលកម្មរបស់ទីភ្នាក់ងារនេះប្រហែល ២០% ចាប់តាំងពីដើមឆ្នាំនេះមក។ ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកទាំងអស់ ត្រូវបានបញ្ជាឱ្យបង្កើតផែនការបញ្ឈប់ការងារត្រឹមថ្ងៃទី១៣ ខែមីនា ជាផ្នែកនៃយុទ្ធនាការដែលមិនធ្លាប់មានពីមុនមករបស់លោក Trump ដើម្បីផ្លាស់ប្តូររដ្ឋាភិបាល។

យុទ្ធនាការកាត់បន្ថយការចំណាយរបស់លោក Trump និងទីប្រឹក្សាមហាសេដ្ឋី លោក Elon Musk នៅក្នុងដំណាក់កាលដំបូងរបស់ខ្លួនបានរុញច្រានមនុស្សជាង ១០០.០០០នាក់ ចេញពីការងាររួចទៅហើយ ក្នុងចំណោមកម្លាំងពលកម្មស៊ីវិលសហព័ន្ធ ដែលមានសមាជិក ២,៣លាននាក់៕