អគ្គលេខាធិការនៃក្រុមហេសបូឡា លោក Naim Qassem បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យថា ក្រុមនេះ នឹងមិនអនុញ្ញាតឲ្យមានវត្តមានរបស់អ៊ីស្រាអែលណាមួយ នៅក្នុងភាគខាងត្បូងប្រទេសលីបង់ ដោយសង្កត់ធ្ងន់លើការពង្រឹងកម្លាំងរយៈពេលយូរ និងការប្តេជ្ញាចិត្តរបស់ក្រុមនេះ ក្នុងការការពារប្រទេសលីបង់។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ al-Manar TV លោក Qassem បានបង្ហើបថា ក្នុងអំឡុងកិច្ចព្រមព្រៀងឈប់បាញ់ ក្រុមហេសបូឡា បានបញ្ឈប់ប្រតិបត្តិការ ប៉ុន្តែបន្តការត្រៀមលក្ខណៈផ្នែកយោធាយ៉ាងពេញលេញ។

លោកបានបន្ថែមថា៖«ក្នុងរយៈពេល ៦០ថ្ងៃ កន្លងទៅនេះ អ៊ីស្រាអែលបានរំលោភបំពានរាប់លើកមិនអស់។ កិច្ចព្រមព្រៀងបានចែងយ៉ាងច្បាស់ថា អ៊ីស្រាអែល ត្រូវតែដកកងកម្លាំងរបស់ខ្លួន ឲ្យឲ្យហួសពីទន្លេ Litani»។
ចំពោះបញ្ហាក្នុងស្រុក លោក Qassem បានបញ្ជាក់ឡើងវិញនូវការយកចិត្តទុកដាក់របស់ក្រុមហេសបូឡា ទៅលើស្ថិរភាព និងអភិបាលកិច្ចជាតិ ដោយគាំទ្រសិទ្ធិអំណាចផ្តាច់មុខរបស់កងកម្លាំងសន្តិសុខ លើសន្តិសុខផ្ទៃក្នុង។
ទោះជាយ៉ាងណា លោកបានអះអាងថា អាវុធរបស់ក្រុមហេសបូឡា មានសារៈសំខាន់សម្រាប់ការទប់ទល់ជាមួយអ៊ីស្រាអែល។ លោកបានប្រកាសថា៖ «អ៊ីស្រាអែលបង្កការគំរាមកំហែងដល់រស់រានរបស់ប្រជាជន
ហើយការតស៊ូ គឺជាសិទ្ធិរបស់លីបង់។
លោក Qassem ក៏បានលើកឡើងអំពីការកសាងឡើងវិញរបស់ប្រទេសលីបង់ ដោយបញ្ជាក់ថា ការកសាងឡើងវិញនូវតំបន់ដែលហែកហួរដោយសង្រ្គាម គឺជាការទទួលខុសត្រូវរបស់រដ្ឋ។ លោកបានសង្កត់ធ្ងន់លើតួនាទីបន្តរបស់ក្រុមហេសបូឡា ក្នុងកិច្ចការនយោបាយ និងយោធា ដោយអះអាងថា «ការតស៊ូ» នឹងបន្ត ដរាបណាការគំរាមកំហែងរបស់អ៊ីស្រាអែល នៅតែកើតមាន។