ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (០៩ មីនា) ថា ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក "អាចកើតឡើង" ប្រសិនបើសភាតំណាងរាស្រ្ត មិនអាចប្រមូលសំឡេងគ្រប់គ្រាន់ដើម្បីអនុម័តច្បាប់ផ្តល់មូលនិធិបណ្តោះអាសន្ន ប៉ុន្តែលោកក៏នៅតែមានសុទិដ្ឋិនិយមថា វិធានការនេះនឹងត្រូវបានអនុម័តដើម្បីបញ្ចៀសរឿងនោះ។

នៅពេលត្រូវសាកសួរដោយអ្នកសារព័ត៌មានថាតើនឹងមានការបិទរដ្ឋាភិបាលនៅសប្តាហ៍នេះ នៅពេលមូលនិធិអស់នៅថ្ងៃទី១៤ ខែមីនា ខាងមុខឬទេ លោក Trump បានឆ្លើយថា "រឿងនេះអាចទៅរួច ប៉ុន្តែរូបលោកគិតថាប្រហែលជាមិនកើតឡើងទេ ព្រោះសេចក្ដីស្នើច្បាប់ផ្ដល់មូលនិធិនឹងអាចឆ្លងសភាបានដោយជោគជ័យ"។

លោក Trump និយាយសំដៅទៅលើសំណើច្បាប់ថ្មីមួយ ឬហៅថា សេចក្ដីសម្រេចបន្ត CR ដែលនឹងផ្តល់មូលនិធិដល់រដ្ឋាភិបាលក្នុងកម្រិតបច្ចុប្បន្ន សម្រាប់ពេលដែលនៅសេសសល់នៃឆ្នាំសារពើពន្ធ២០២៥ ដែលចាប់ផ្ដើមពីដើមខែតុលា ឆ្នាំ២០២៤ និងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

បក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភា បានដាក់ចេញសំណើច្បាប់ចំណាយជាមួយនឹងការផ្អាករយៈពេល ៦ខែ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ហើយការបោះឆ្នោតលើវិធានការនេះត្រូវរំពឹងទុកនៅថ្ងៃអង្គារ (១១ មីនា) ស្អែកនេះ៕